នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយច្បាស់ៗពីភាពចម្រូងចម្រាស់លើបញ្ហាគ្របសៀវភៅប្រវត្តិវិទ្យាថ្មី ដែលពលរដ្ឋខ្លះថា ជាការដឹងគុណប្រទេសជិតខាង។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចធិបតី បានមានប្រសាសន៍ថា៖”មានមតិ មួយចំនួនបានចោទប្រកាន់ទៅលើការដាក់បង្រៀនសៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹងគុណប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិតនោះទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យារក្សានៅដដែល គ្រាន់តែធ្វើទំនើបកម្មសៀវភៅឱ្យមានភាពល្អប្រសើរប៉ុណ្ណោះ”។
សម្តេចធិបតី សង្កត់ធ្ងន់ទៀតថា៖”ការព្រួយបារម្ភពីប្រទេសជាតិ មិនមែនជារឿងខុសនោះទេ ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លះ មិនបានទាំងអានសៀវភៅថ្មីនោះផង ដូច្នេះ យើងមិនត្រូវជឿទៅលើអ្វីដែលគេបាននិយាយនោះទេ ពោលគឺត្រូវស្រាវជ្រាវទៅលើបញ្ហាឱ្យបានច្បាស់ទើបយើងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ”។
បន្ថែមពីនេះ សម្តេចធិបតីក៏បានអំពាវនាវដល់ក្រសួងអប់រំ ឱ្យបង្ហោះផ្សាយសៀវភៅប្រវិត្តវិទ្យាថ្មីទាំងនោះនៅលើបណ្តាញសង្គមដើម្បីបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់ថា សៀវភៅនេះ មិនបានបំភ្លៃប្រវត្តិសាស្រ្តឱ្យយើងដឹងគុណប្រទេសណាមួយនោះឡើយ៕










