ថ្មីៗនេះ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី អាត្មាភាពសូមបិណ្ឌបាត្រ ឱ្យមន្រ្តីកែប្រែពណ៌ អាវ ខោ ជនសង្ស័យ ខណៈក្រឡេកមើលមួយភ្លេត ស្រដៀងនឹងព្រះសង្ឃ។

បើតាមការបង្ហោះរបស់ ព្រះគ្រូធម្មាចារ្យ បានលើកឡើងថា៖” អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និង សម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌ អាវ ខោ នេះផង”។

ព្រះគ្រូធម្មាចារ្យ បានបន្ថែមទៀតថា៖” ឯកសណ្ឋាននេះ វាដូចពេកទៅនឹងព្រះសង្ឃ ដែលនាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត គេមើលងាយយើងព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម វាដូចពេកហើយ”។

ចំពោះឯកសណ្ឋានជនសង្ស័យនេះ ជារឿយៗគេតែងឃើញមានពណ៌ទឹកក្រូច និងពណ៌ខៀវ ដែលសមត្ថកិច្ចឱ្យជនសង្ស័យពាក់នៅអំឡុងពេលបង្ហាញខ្លួន មុននឹងបញ្ជូនទៅកាន់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ៕