កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី ដោយលោកចោទសមត្ថកិច្ចបានស្រែកកំហកប្រើពាក្យមិនសមរម្យថា”ហែងស្អីបានមកបញ្ជាកងកម្លាំង”។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយអញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថាបានប្រើពាក្យមិនសមរម្យចំពោះគាត់។

បើតាមក្រុមការងារព័ត៌តមាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយថា៖” លោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល”។

តែយ៉ាងណាមិញ ចំពោះការពិតជាក់ស្តែងយ៉ាងណានោះ យើងមានតែរងចាំលទ្ធផលនៃការចូលខ្លួនដោះស្រាយរបស់បណ្ឌិត សុខ ទូច ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទជាបន្តទៀត៕