Conophytum Pageae គឺជាដើមឈើមួយប្រភេទចេញផ្លែស្រដៀងនឹងបបូរមាត់មនុស្ស និងមានឈ្មោះល្បីល្បាញថា ដើមរបស់វាអាចដុះលូតលាស់នៅលើដីស្ងួតហួតហែង ឬធន់ជាមួយអាកាសធាតុក្តៅបានល្អ ។ វាមានស្លឹកក្រាស់ៗ ហើយផ្លែរបស់វាមានសាច់ច្រើនសម្រាប់ផ្ទុកទឹកពេលបរិស្ថានពុំអំណោយផល ។ វាចេញផ្លែជាចង្កោមយ៉ាងស្រស់ស្អាត និងខុសប្លែកពីផ្លែឈើផ្សេងៗ ទើបធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។
ដើម Conophytum Pageae នឹងចេញផ្កាមានក្លិនក្រអូបគ្រប់ពេលវេលានារដូវស្លឹកឈើជ្រុះ ហើយផ្ការបស់វានឹងរីកពេលយប់ ។ កាលពីឆ្នាំ២០១៥ ដើមឈើនេះត្រូវ បានគេវាយតម្លៃថា ជារុក្ខជាតិដែលមនុស្សបារម្ភតិចបំផុតពីការផុតពូជ ហើយនៅ២០២១ វាត្រូវបានគេវាយតម្លៃម្តងទៀតថា ជារុក្ខជាតិជិតផុតពូជ ដោយសារមានការជួញដូរដើមឈើនេះខុសច្បាប់ច្រើនបំផុត ។ ក្រៅពីនេះ ក៏មានជនខិលខូចដើរលួចដើម Conophytum Pageae ធំល្មមប្រមាណ១សែនដើម យកទៅលក់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។
ដើមឈើនេះនឹងដុះលូតលាស់នៅតាមច្រាំងថ្មភ្នំ, វាលទំនាប, វាលខ្សាច់ និងតំបន់ភ្នំនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយដោយសារមានការលួចដើមឈើនេះយកទៅលក់ខុសច្បាប់ច្រើន បានធ្វើឱ្យប៉ះពាល់ដល់សត្វតូចៗដែលរស់នៅក្នុងតំបន់ ។ ហេតុនេះ អាហ្វ្រិកខាងត្បូងបានចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការលួចដើមឈើព្រៃ ខណៈវាជិតផុតពូជ ។
អ្នកជំនាញនិយាយថា ដោយសារដើមរបស់វាមានគុណសម្បត្តិច្រើន គឺជាមូលហេតុធ្វើឱ្យមានការលួចលក់ខុសច្បាប់ច្រើន ខណៈចំនួនដើមឈើបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បច្ចុប្បន្ន អ្នកស្រឡាញ់ដើមឈើនេះអាចរកទិញវានៅកន្លែងបណ្តុះកូនឈើល្បីៗ ។ អ្នកជំនាញបានប្រាប់ពីការពង្រីកពូជដើម Conophytum Pageae ថា វិធីងាយបំផុតសម្រាប់ពង្រីកពូជរបស់វា គឺបំបៅមែកពីដើមមេនៅចុងរដូវក្តៅ និងយកមកដាំក្នុងផើងមានប្រវែងពី១០ ទៅ២០សង់ទីម៉ែត្រ ដែលក្នុងផើងពោរពេញដោយសារធាតុរ៉ែស័ក្តិសមជាមួយរុក្ខជាតិមានផ្លែផ្ទុកទឹកច្រើន ។.png)
ពេលរសៀល ហាមដាក់វាត្រូវពន្លឺថ្ងៃរយៈពេលយូរ ប៉ុន្តែវាអាចត្រូវពន្លឺថ្ងៃពេលព្រឹក ។ មុនពេលដាំ យើងត្រូវដឹងថា វាចូលចិត្តកន្លែងណាមានខ្យល់អាកាសល្អ, មានសំណើមតិច, ដាក់ជី១ឆ្នាំម្តង ក្នុងរដូវស្លឹកឈើជ្រុះ និងស្រោចទឹកជាប្រចាំពេលដាំវារួច ។ ប៉ុន្តែកុំឱ្យទឺកដក់ក្នុងផើងច្រើនពេក ហើយទុកឱ្យដីស្ងួតផងដែរ ដើម្បីកុំឱ្យឫសវាស្អុយ និងចៀសវាងដាក់ជីញឹកញាប់បង្ខំឱ្យវាចេញផ្លែ ៕










