ជុំវិញទំនាក់ទំនងតារាចម្រៀងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា និងកំលោះសង្ហា យូហៃ ដែលជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េបបានបង្កឱ្យទស្សនិកជនប្រើបណ្តាញសង្គមមានការចាប់អារម្មណ៍មិនតិចនោះទេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ហ្សាណា គឺបានបង្ហោះរូបភាពគូជាមួយ យូហៃ ខណៈ យូហៃ ស្រាប់តែទៅស៊ុបប្រាយនាងនៅលើឆាកតែម្តង។

« i’m sorry babe បើសិនបងធ្វើឱ្យភ្នែកអូនសើម Suzana Reth» ។ នេះគឺជាសារតែតារារ៉េប យូហៃ បង្ហោះទៅកាន់ ហ្សាណា បន្ទាប់ពីនាងបានបង្ហាញការខូចចិត្តថា « ញញឹមស្រស់តែបេះដូងវិញខ្ទេចខ្ទាំអស់ហើយ និងថា ត្រូវការអ្នក ស្ម័គ្រចិត្តមើលថែបេះដូង»។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះរូបភាពគូលើកដំបូងជាមួយនឹង យូហៃ ដោយបានចោទសួរទៅកាន់អ្នកគាំទ្រថា គួរបន្តឬបញ្ចប់។

សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទាញការចុច like រាប់ម៉ឺននិងមតិយោបល់រាប់ពាន់។ អ្នកខ្លះប៉ាន់ស្មានថា ការបង្ហោះរបស់អ្នកទាំងពីរគឺ Drama ពីបទថ្មីរបស់ខ្លួនប៉ុណ្ណោះដែលមានចំណងជើងថា «2AM» ដែលនេះជាការចាប់ដៃគ្នាជាលើកដំបូងសម្រាប់ យូហៃ និង ហ្សាណា ដែលជ្រកកោនក្នុងទ្រនំថ្មី។ ទោះបីនេះជាដំរួយអំពីរឿងរ៉ាវនៅក្នុងបទចម្រៀង ប៉ុន្តែមនុស្សជាច្រើនពេញចិត្តក្នុងការ Ship អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា សូម្បីអ្នកបង្កើតមាតិកា សុភារាជ្យ ក៏គាំទ្រដូចគ្នា។
លើសពីរូបភាពនិងសកម្មភាពនានារបស់ ហ្សាណា និង យូហៃ ពីអ្នកខូចចិត្តរឿងស្នេហាខ្លាចជាអ្នកចម្រៀងរ៉េប អ្នកគាំទ្រក៏ស្រាប់តែញញឹមស្រែកហ៊ោរបិទមាត់មិនជិតនោះគឺ យូហៃ ស្រាប់តែទៅស៊ុបប្រាយ ហ្សាណា នៅលើឆាកតែម្តង។
ក្នុងកម្មវិធីសម្ពោធទូរសព្ទដៃថ្មីនៅរាត្រីថ្ងៃទី១២ ហ្សាណា កំពុងតែបញ្ជូលអារម្មណ៍ក្នុងការសម្តែងបទថ្មីរបស់ខ្លួនស្រាប់តែ យូហៃ ចេញមកស៊ុបប្រាយ ខណៈ ហ្សាណា បានបង្ហាញការភ្ញាក់ផ្អើលចំពោះវត្តមានរបស់ យូហៃ ដែលមកចូលរួមក្នុងកម្មវិធីនេះ ដែលហាក់ទំនងនាងមិនបានដឹងជាមុននោះទេ។ ក្រៅពីការស៊ុបប្រាយក្នុងចំណោមតារាល្បីៗនិងអ្នកចូលរួមក្នុងកម្មវិធីនេះ យូហៃ បានស្វាគមន៍ ហ្សាណា ដោយលើកដៃសំពះជម្រាបយ៉ាងសុភាពបុរស។
នៅពេលវីដេអូនេះបានរីកសាយភាពនៅលើបណ្តាញសង្គមអនឡាញ ទស្សនិកជនជាច្រើនបានបង្ហាញអារម្មណ៍រំភើបចំពោះអ្នកទាំងពីរហើយចំនួននៃការ Ship អ្នកទាំងពីរគឺកាន់តែកើនឡើងទ្វេដង។ 
កន្លងមក កញ្ញា រ៉េត ស៊ូហ្សាណា ពុំសូវបង្ហាញការស្និទ្ធស្នាលជាមួយដៃគូចម្រៀងបុរសណាក្រៅតែពីកូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ ឡើយ។ ដូច្នេះហើយនៅពេលតារាស្រីរូបនេះបង្ហាញភាពស្និទ្ធស្នាលមកទើបធ្វើឱ្យអ្នកគាំទ្រ Ship ពួកគេ៕










