ប្រទេសប្រេស៊ីល ៖ នាដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ថ្លែងថា លោក Donald Trump ត្រូវបានពលរដ្ឋបោះឆ្នោតជ្រើសរើសជាអ្នកគ្រប់គ្រងសហរដ្ឋអាមេរិក មិនមែនឱ្យលោកគ្រប់គ្រងពិភពលោកទេ ។
ពេលផ្តល់សម្ភាសន៍ជាមួយវិទ្យុចំនួន២ នៅខេត្តបាហៀ ស្ថិតនៅភាគឦសានប្រទេសប្រេស៊ីល កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក លោក Silva ថ្លែងថា លោកគោរពតាមលទ្ធផលការបោះឆ្នោត ហើយលោក Trump ត្រូវបានពលរដ្ឋបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីគ្រប់គ្រងសហរដ្ឋអាមេរិក ។ ប៉ុន្តែពលរដ្ឋពុំបានបោះឆ្នោតឱ្យលោក Trump ក្លាយជាអ្នកគ្រប់គ្រងពិភពលោកទេ ។

ប្រធានាធិបតីប្រេស៊ីល លោក Silva បានថ្លែងពីករណីលោក Trump តាំងចិត្តបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ថា ប្រធានាធិបតីអាមេរិកចាំបាច់ត្រូវតែរក្សាទំនាក់ទំនងប្រជាធិបតេយ្យ និងអរិយធម៌ជាមួយប្រទេសផ្សេងៗនៅលើពិភពលោក ។.png)
កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក លោក Trump បានថ្លែងថា អាមេរិកនឹងគ្រប់គ្រងតំបន់ Gaza ហើយអាមេរិកនឹងអភិវឌ្ឍន៍តំបន់នេះ ក្រោយការជម្លៀសពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។ ក្រោយពីលោក Trump ថ្លែងបែបនេះ លោក Silva រិះគន់ថា អាមេរិកតាំងខ្លួនជាប្រទេសគោរពប្រជាធិបតេយ្យ ប៉ុន្តែបែរជាចង់គ្រង់គ្រងប្រទេស និងទឹកដីមួយចំនួន នេះបញ្ជាក់ថា អាមេរិកចង់បង្កើតសង្គ្រាម ។
គួរបញ្ជាក់ថា គម្រោងកាន់កាប់តំបន់ Gaza បានធ្វើឱ្យប្រទេសនានារិះគន់លោក Trump យ៉ាងខ្លាំង ប៉ុន្តែលោក Trump អះអាងថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu រីករាយធ្វើតាមគម្រោងរបស់លោក គឺបណ្តេញពលរដ្ឋប៉ាឡេស្ទីនជាង២លាននាក់ ទៅរស់នៅកន្លែងផ្សេងដើម្បីអភិវឌ្ឍន៍តំបន់នេះ ៕










