ថ្លែងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ និងឆ្លើយតបទៅកាន់សំនួរ ដែរចោទសួរថា៖ “ហេតុអ្វីបានជាសេដ្ឋកិច្ចកើនឡើង ប៉ុន្តែប្រជាជននៅតែត្អូញត្អែរពីការធ្លាក់ចុះចំណូល”។

ជាការឆ្លើយតប លោកបណ្ឌិត ផាន់ ផល្លា បានពន្យល់ថា៖” កំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍កើនឡើងដល់៦.៣% នៅឆ្នាំ២០២៥នេះ គឺតាមរយៈកំណើននៃការនាំចេញផលិតផលកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍”។

លោកបានលើកឡើងបន្ថែមថា៖ ការកើនឡើងនៃការនាំចេញផលិតផលកាត់ដេរ ក៏បានផ្តល់ចំណូលដោយផ្ទាល់ ដល់កម្មករនិយោជិត ក្នុងវិស័យនេះផងដែរ តាមរយៈការទទួលបានប្រាក់បន្ថែមម៉ោង ដែលអាចជួយដល់ជីវភាពរបស់ពួកគាត់”។

លោកទទួលស្គាល់ថា វិស័យលក់ដុំ និងរាយ នៅមានបញ្ហា ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ចំណូល។ តែយ៉ាងណាមិញ ការលក់តាមអនឡាញ មានការកើនឡើង។

យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៦.៣ភាគរយ សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ២ ៩២៤ដុល្លារ៕