តារាចម្រៀងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា និងម្ចាស់ពាន យូហៃ បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ក្នុងចិត្តពោរពេញដោយពណ៌ស៊ីជម្ពូរបន្ទាប់ពីផលិតកម្មបង្ហោះវីដេអូមួយ។ ការបង្ហាញបែបនេះអ្នកគាំទ្រជាច្រើនគឺចង់ Ship អ្នកទាំងពីរខណៈតារាចម្រៀងទាំងពីររូបទំនងមានអ្វីពិសេសជូនអ្នកគាំទ្រ។
មិនមែនជាលើកទី១នោះទេរូបភាពរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ បង្ហាញសកម្មភាពជាមួយគ្នាដែលត្រូវបានទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ខណៈជារឿយៗតារាប្រុសស្រីទាំងពីរដួងតែងតែត្រូវបានអ្នកមួយចំនួនចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍។
អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាមើលហើយ Pink Pink នោះគឺកាលពីយប់ថ្ងៃទី១០ ផលិតកម្មបារមីបានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «Bro is not the Rizzler ដោយបានមេនសិនគណនីបណ្តាញសង្គមរបស់ យូហៃ»។ ក្នុងវីដេអូរយៈពេល១៤វិនាទី គេបានឃើញ ហ្សាណា និង យូហៃ អង្គុយទល់ខ្នងគ្នាបន្ទាប់មក រ៉េត ស៊ូហ្សា រត់ចេញហើយ យូហៃ បានដេញតាម ហ្សាណា ហើយហ្សាណា បានដេញតាម យូហៃ វិញ។ នៅក្នុងខម្មិនគណនីផលិតកម្មក៏បានបញ្ជាក់ឈ្មោះតារាចម្រៀង យូហៃ និង ហ្សាណា ជាមួយនឹងកាលបរិច្ឆេត និងចំណងជើង Si Jumpu និង 2AM ដែលទំនងអ្នកទាំងពីរមានអ្វីពិសេសក្នុងការសហការគ្នាជូនអ្នកគាំទ្រ។
ដ្បិតតែវីដេអូមានរយៈពេលតែ១៤វិនាទីក្តី ប៉ុន្តែទស្សនិកជនជាអ្នកគាំទ្រមើលហើយពួកគេបានខម្មិនថាShip មួយគូនេះ Pink Pink មើលហើយញញឹមម្នាក់ឯងជាដើម។ មុននឹងទម្លាយវីដេអូនេះគេបានឃើញគណនីទិកតុក ហ្សាណា បានបង្ហោះវីដេអូជាមួយនឹង យូហៃ ឆ្លាស់ការស្លៀកពាក់គ្នាលេងនៅលើទិកតុកផងដែរ។
គេចាំបានថា ក្នុងឱកាសបុណ្យណូអែលកាលពីកន្លងមកនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុក យូហៃ បានជូនកាដូ ទៅកាន់ រ៉េត ស៊ូហ្សាណា ខណៈ យូហៃ បាននិយាយថាគឺលោកទៅទិញដោយផ្ទាល់តែម្តង។ កន្លងមកនេះហ្វេនៗមួយចំនួនគឺមានការផ្គូផ្គង រ៉េត ស៊ូហ្សាណា និង យូហៃ ផងដែរបន្ទាប់ពីមានរូបភាពការយកចិត្តទុកដាក់របស់ពួកគេតាំងពី ហ្សាណា មិនទាន់ចូលផលិតកម្មមកម្ល៉េះពោលអំឡុងពេលអ្នកទាំងពីរមានការសម្តែងនៅប្រទេសកូរ៉េខាងត្បូងកាលពីខែមេសា ឆ្នាំ២០២៤ និងសកម្មភាពជាបន្តបន្ទាប់ទៀតនៅពេល ហ្សាណា ចូលរួមក្នុងផលិតកម្មបច្ចុប្បន្ននេះ៕










