ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
នៅក្នុងកិច្ចប្រជុំនេះ អាជ្ញាធរពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីផលប្រយោជន៍ជាសាធារណៈ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចុះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិត និងពិនិត្យរួមគ្នាលើផលប៉ះពាល់ រីឯការដោះស្រាយផលប៉ះពាល់នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។
ដោយឡែកចំពោះផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នឹងធ្វើឡើង ក្រោយពីការបោះបង្គោលព្រំដីកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប បញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។.png)
បើតាមក្រសួងសាធារណការ សិក្សារកឃើញថា គម្រោងនេះបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង ដើមឈើប្រមាណជាង១៤ម៉ឺនដើម និងដីស្រែជិត៣ម៉ឺនហិកតា។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧០០ លានដុល្លារ៕











