ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan នៅកណ្តាលអាកាសយានដ្ឋាន Gimhae ក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យអ្នកដំណើរចំនួន១៧០នាក់ និងបុគ្គលិកអាកាសចរណ៍៧នាក់ ត្រូវជម្លៀសចេញពីយន្តហោះភ្លាមៗ ។
សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងរាយការណ៍ថា យ៉ាងហោចណាស់ មានមនុស្សរងរបួស៣នាក់ ពេលកំពុងជម្លៀសចេញពីយន្តហោះ ក្នុងនោះ អ្នករបួសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរួចផុតពីគ្រោះថ្នាក់ហើយ ។ ភ្នាក់ងារពន្លត់ភ្លើងនិយាយថា អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះទាន់ពេលវេលា និងគ្មានអ្នកដំណើរណាម្នាក់ស្លាប់ក្នុងហេតុការណ៍នេះទេ ។
យន្តហោះ Airbus A321 ដែលផ្ទុះឆេះនេះកំពុងត្រៀមហោះហើរចេញពីអាកាសយានដ្ឋាន Gimhae ដែលស្ថិតនៅឆ្ងាយពីទីក្រុងសេអ៊ូល ប្រមាណ ៣២០គីឡូម៉ែត្រ (ឬស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង) ទៅកាន់ទីក្រុងហុងកុង ។ ភ្លើងចាប់ផ្តើមឆាបឆេះពីកន្ទុយយន្តហោះមុនគេ បន្ទាប់មក ភ្លើងក៏បានឆេះរយន្តហោះទាំងមូល ប៉ុន្តែគ្មានការបញ្ជាក់ច្បាស់លាស់ថា តើភ្លើងឆេះបណ្តាលមកពីមូលហេតុអ្វី ។.png)
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ១៧០នាក់នៅលើយន្តហោះ ប៉ុន្តែបុគ្គលិកអាកាសយានដ្ឋាន និងភ្នាក់ងារពន្លត់ភ្លើងបានជួយជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះដោយសុវត្ថិភាព ។ បច្ចុប្បន្ន មន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដដែលបណ្តាលឱ្យភ្លើងឆេះយន្តហោះ ។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងរយៈពេល១ខែក្រោយ បន្ទាប់ពីសោកនាដកម្មយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ផ្ទុះឆេះដោយសារធ្លាក់ពី Runway នៅអាកាសយានដ្ឋានមូអាន់ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។ ហេតុការណ៍ពេលនោះធ្វើឱ្យមនុស្សស្លាប់រហូតដល់១៧៩នាក់ ក្នុងចំណោម១៨១នាក់ ៕










