ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នៅចុងខែមករានេះ ប្រទេសថៃនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះជាង២០គ្រឿង បង្កើតទឹកភ្លៀងសិប្បនិម្មិតនៅពេលយប់ ដើម្បីកាត់បន្ថយខ្យល់ពុលលើបរិយាកាសក្នុងទីក្រុងបាងកក និងបណ្តាខេត្តដែលមានខ្យល់ពុលខ្លាំង តាមគោលនយោបាយរបស់រដ្ឋាភិបាល ។
លោក រ៉ាឆេន សិល្បៈរ៉ាយ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតនិយាយថា ស្ថានការណ៍ខ្យល់ពុល PM 2.5 នៅទីក្រុងបាងកក និងតំបន់ជុំវិញ កាលពីថ្ងៃទី២៧ ខែមករា កន្លងមក គឺល្អប្រសើរជាងមុន ដោយសារឥទ្ធិពលខ្យល់ត្រជាក់ពីប្រទេសចិនគ្របដណ្តប់លើថៃ ។ លើសពីនេះ គឺមានសំណើមក្នុងខ្យល់បង្កើតជាពពកស្រូបធូលី ។.jpg)
រដ្ឋាភិបាលថៃស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រគល់តួនាទីឱ្យនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតសហការជាមួយស្ថាប័នពាក់ព័ន្ធកាត់បន្ថយខ្យល់ពុលពេលយប់ ។ នៅថ្ងៃទី២៧ ខែមករា យើងបានទំនាក់ទំនងទៅក្រុមហ៊ុនវិទ្យុអាកាសចរណ៍ថៃ អំពីពេលវេលាបង្កើតទឹកភ្លៀងសិប្បនិម្មិត ព្រមទាំងបញ្ជូនអ្នកបើកយន្តហោះទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ។
.jpg)
ពេលវេលាបង្កើតទឹកភ្លៀងសិប្បនិម្មិត គឺនឹងធ្វើឡើងនៅម៉ោង២យប់ រៀងរាល់យប់ ដើម្បីឱ្យបរិយាកាសនាព្រឹកថ្ងៃបន្ទាប់បានល្អប្រសើរឡើង និងកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ ។ ក្រុមការងារនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបង្កើតទឹកភ្លៀងសិប្បនិម្មិត ចាប់ពីយប់ថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមេសា ខាងមុខ ក្នុងទីក្រុងបាងកក និងបណ្តាខេត្តដែលមានខ្យល់ពុលខ្លាំង ។ នេះបើតាមការលើកឡើងរបស់លោក រ៉ាឆេន សិល្បៈរ៉ាយ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិត ។
គួរបញ្ជាក់ថា នាយកដ្ឋានទឹកភ្លៀងសិប្បនិម្មិតបានប្រតិបត្តិការបង្កើតទឹកភ្លៀងសិប្បនិម្មិតជាបន្តបន្ទាប់ តាំងពីខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែប្រទេសថៃនៅតែប្រឈមនឹងខ្យល់ពុល ដោយសារការលួចដុតកាកសំណល់ក្នុងចម្ការ ។ ការស្ងប់ខ្យល់ គឺជាឧបសគ្គសំខាន់របស់ក្រុមការងារបង្កើតទឹកភ្លៀងសិប្បនិម្មិត ប៉ុន្តែការប្រើប្រាស់យន្តហោះត្រួតពិនិត្យបរិយាកាសឃើញថា ស្ថានការណ៍ខ្យល់ពុលនៅថៃបានកាត់បន្ថយ ពីព្រោះមានខ្យល់បក់ ៕










