សហរដ្ឋអាមេរិក ៖ តាំងពីលោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់ ។ ប៉ុន្តែពេលអាមេរិកបញ្ជូនជនអន្តោប្រវេសន៍កូឡុំប៊ីទៅប្រទេសវិញដោយដឹកតាមយន្តហោះ២គ្រឿង ខាងអាកាសយានដ្ឋានកូឡុំប៊ី បែរជាពុំអនុញ្ញាតឱ្យយន្តហោះអាមេរិកចុះចត ។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបទបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោក ដំឡើងពន្ធទំនិញនាំចូលពីប្រទេសកូឡុំប៊ី ស្មើនឹង២៥% ដើម្បីឆ្លើយតបនឹងកូឡុំប៊ី ដែលពុំព្រមទទួលយកពលរដ្ឋរបស់ខ្លួន ។ លោក Trump បានបង្ហោះក្នុងបណ្តាញសង្គមឈ្មោះ Truth Social ថា លោកបានដំឡើងពន្ធទំនិញកូឡុំប៊ីគ្រប់ប្រភេទ ស្មើ២៥% ហើយវានឹងកើនឡើងរហូតដល់៥០% ត្រឹមតែ១សប្តាហ៍ ។
.png)
នេះជាការអនុវត្តវិធានការឆ្លើយតបលើកដំបូងរបស់លោក Trump ចំពោះប្រទេសផ្សេងៗ ដែលរារាំងផែនការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក ។ យន្តហោះអាមេរិក ចំនួន២គ្រឿង ដែលដឹកជនអន្តោប្រវេសន៍កូឡុំប៊ីត្រឡប់ទៅប្រទេសកំណើត បែរជាធ្វើដំណើរត្រឡប់មកអាមេរិកវិញ កាលពីយប់ថ្ងៃទី២៦ ខែមករា កន្លងមក ដោយសារប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ពុំអនុញ្ញាតឱ្យយន្តហោះអាមេរិចុះចតនៅអាកាសយានដ្ឋាន ។
លោក Petro បានថ្លែងកាលពីថ្ងៃទី២៦ ខែមករា កន្លងមកថា លោកបញ្ជាទៅខាងអាកាសយានដ្ឋាន កុំឱ្យយន្តហោះអាមេរិកដឹកពលរដ្ឋកូឡុំប៊ីចុះចត ។ អាមេរិកពុំអាចធ្វើបែបនេះដាក់ពលរដ្ឋកូឡុំប៊ីដូចឧក្រិដ្ឋជនទេ ។

កន្លងមក លោក Trump បានថ្កោលទោសចំពោះបទបញ្ជារបស់លោក Petro ថា គឺជាការគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពសាធារណៈរបស់អាមេរិក ហើយលោកចោទប្រកាន់ថា ការបដិសេធពុំទទួលយកជនអន្តោប្រវេសន៍នេះ គឺល្មើសនឹងកតិកាសញ្ញាអន្តរជាតិក្នុងការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ដែលអាមេរិកបណ្តេញចេញ ៕










