សហរដ្ឋអាមេរិក ៖ នៅខែមករា ឆ្នាំ២០២៥ មហាជនបានចាប់អារម្មណ៍នឹងពាក្យចចាមអារ៉ាមមួយថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់ជីវិតគូជាមួយភរិយា លោកស្រី មីស៊ែល អូបាម៉ា ដែលរស់នៅជាមួយគ្នា៣០ឆ្នាំ ក្រោយពីគេសង្កេតឃើញថា អ្នកទាំងពីរពុំបង្ហាញមុខជាមួយគ្នាជាសាធារណៈ រួមទាំងក្នុងកម្មវិធីនយោបាយ ។ ជាមួយគ្នានេះ មហាជនក៏បានលើកឡើងពីតារាស្រីហូលីវូដ ជេនីហ្វ័រ អានិស្តុន ថា អ្នកនាងជាស្រីស្នេហ៍ថ្មីរបស់លោក អូបាម៉ា ។

ពាក្យចចាមអារ៉ាមនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីទស្សនាវដ្តី InTouch ផ្សព្វផ្សាយអត្ថបទមួយមានចំណងជើងថា «The Truth About Jen & Barack» ដែលនិយាយពីទំនាក់ទំនងរវាងអ្នកនាង អានិស្តុន ជាមួយលោក អូបាម៉ា ។ បន្ទាប់មក ក៏មានពាក្យចចាមអារ៉ាមជាច្រើនថា អ្នកទាំងពីរបានសេពគប់គ្នាលួចលាក់ ប៉ុន្តែគ្មានការបញ្ជាក់ច្បាស់លាស់ពីស្នេហានេះទេ ។ ក្រៅពីនេះ មនុស្សមួយចំនួនអះអាងថា លោក អូបាម៉ា និងអ្នកស្រី មីស៊ែល ចែកផ្លូវគ្នាហើយ បច្ចុប្បន្ន អ្នកទាំងពីររាប់អានគ្នាជាមិត្តភក្តិ ។
ប៉ុន្តែអ្នកនាង អានិស្តុន បានបកស្រាយយ៉ាងឆាប់រហ័សចំពោះពាក្យចចាមអារ៉ាមនេះ អំឡុងពេលសម្ភាសន៍កម្មវិធី «Jimmy Kimmel Live» ដោយអ្នកនាងនិយាយថា ការចុះផ្សាយរបស់ទស្សនាវដ្តី InTouch ពុំមែនជាការពិតឡើយ ។ អ្នកនាងពុំខឹងសម្បារទេ ប៉ុន្តែវាពុំពិតដូចការលើកឡើង ។ នាងគ្រាន់តែជួបលោក អូបាម៉ា តែម្តងប៉ុណ្ណោះ ហើយនាងស្គាល់អ្នកស្រី មីស៊ែល ជាងស្វាមី ។
ប៉ុន្តែការសង្ស័យថា លោក អូបាម៉ា មានទំនាក់ទំនងលួចលាក់ជាមួយនាង បានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម ។ គេហទំព័រកម្សាន្តអាមេរិកដ៏ល្បី ឈ្មោះ RadarOnline ផ្សព្វផ្សាយថា លោក អូបាម៉ា និងភរិយា មានបញ្ហាក្នុងជីវិតគូ ។ ទំនាក់ទំនងធ្លាប់តែល្អូកល្អើនប្រែជាតានតឹង ហើយវាជាលើកដំបូងដែលលោក អូបាម៉ា និងភរិយា ព្យាយាមលាក់បាំងបញ្ហា និងការចាប់អារម្មណ៍ពីទំនាក់ទំនងជាមួយអ្នកនាង អានិស្តុន ។ រីឯអ្នកស្រី មីស៊ែល មានអារម្មណ៍ខកចិត្ត ពីព្រោះបច្ចុប្បន្ន អ្នកស្រីនិងស្វាមី គ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ ។
ទោះជាគេហទំព័រនេះចុះផ្សាយគ្មានប្រភពច្បាស់លាស់ ប៉ុន្តែមហាជនជឿជាក់លើព័ត៌មាននេះ ដោយសារមនុស្សភាគច្រើនមើលឃើញថា លោក អូបាម៉ា និងភរិយា ពុំដើរទៅណាមកណាជាមួយគ្នាជាច្រើនលើក ជាពិសេស ក្នុងកម្មវិធីសំខាន់ ដូចជា ៖ ពិធីបុណ្យសពអតីតប្រធានាធិបតីអាមេរិក លោក ជីមី ខាតធ័រ (Jimmy Carter) និងពិធីឡើងកាន់តំណែងរបស់លោក Donald Trump ជាដើម ។
ចំណែកលោក អូបាប៉ា ពុំទាន់បដិសេធនឹងពាក្យចចាមអារ៉ាមថា លោកមានទំនាក់ទំនងជាមួយតារាស្រីហូលីវូដ អ្នកនាង អានិស្តុន ទេ ។ ហេតុនេះ ធ្វើឱ្យមហាជនលើពិភពលោក តាមដានថា តើវាជាការពិត ឬយ៉ាងណា?










