ព្រឹកនេះ ការឡាយផ្ទាល់ពីគេហទំព័រ IQAir ចាត់ថ្នាក់កម្ពុជាជាប់លេខ ៥ ជាប្រទេសមានការបំពុលខ្យល់លើពិភពលោក ខណៈក្រសួងបរិស្ថានបានធានាអះអាងអំពីគុណភាពខ្យល់កម្ពុជាមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ទេ។
យោងតាមការផ្សាយផ្ទាល់ពីគេហទំព័រ IQAir នាវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃទី២៤ ខែមករា បានចំណាត់ថ្នាក់ទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងចំណោម ១២៤ ប្រទេស ‘Live most polluted city ranking IQAir’ ដោយបង្ហាញថា ទីក្រុងDhaka ប្រទេសបង់ក្លាដែសឈរលើលំដាប់លេខរៀងទី ១ និងរាជធានីភ្នំពេញនៅលេខរៀងទី ៥។
សូមជម្រាបថា នាប៉ុន្មានថ្ងៃមកនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមទាក់ទងជាមួយនឹងបញ្ហាចុះអ័ព្ទឬក៏ខ្យល់ពុល? ដែលបង្កឡើងជាចម្ងល់ក្នុងចំណោមមហាជនខ្មែរដាក់ង្ហោះនិងចែករំលែកព្រោងព្រាត។
ក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា បានលើកឡើងថា “ទោះបីជាកម្រិតនៃការបំពុលបរិយាកាសនៅកម្ពុជាបានកើនឡើងក៏ដោយ ប៉ុន្តែវាមិនឈានដល់កម្រិតគ្រោះថ្នាក់ដែលធានាបាននូវវិធានការណ៍ប្រុងប្រយ័ត្នដូចជាការស្នាក់នៅក្នុងផ្ទះ ឬត្រូវពាក់ម៉ាស់នៅទីសាធារណៈនោះទេ”។
ឯកឧត្តមបានបន្តថា ការកើនឡើងនៃកម្រិត PM2.5 ដោយសារកត្តាជាច្រើន រួមទាំងការដុតបំផ្លាញកសិកម្ម ការដុតកាកសំណល់ និងការបំពុលឆ្លងព្រំដែនពីប្រទេសជិតខាងដែលកំពុងប្រឈមមុខ។ បញ្ហាគុណភាពខ្យល់ធ្ងន់ធ្ងរ។ កត្តាតាមរដូវកាល ដូចជាអាកាសធាតុស្ងួត និងក្តៅ ក៏រួមចំណែកធ្វើឲ្យកម្រិតបំពុលកាន់តែខ្ពស់ផងដែរ។
ឯកឧត្តមក៏បានបន្តលើកឡើងអំពី ភាពខុសគ្នានៃស្តង់ដារគុណភាពខ្យល់ក្នុងចំណោមប្រទេសនានា ដោយជំរុញឱ្យសាធារណជនយល់ថា ការវាយតម្លៃគុណភាពខ្យល់របស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ “ប្រទេសនីមួយៗមានស្តង់ដារគុណភាពខ្យល់របស់ខ្លួន។ ចំណាត់ថ្នាក់ដោយអង្គការបរទេសមិនគួរអនុវត្តដោយផ្ទាល់ចំពោះប្រទេសកម្ពុជាដោយមិនបានពិចារណាលើបរិបទ និងស្តង់ដាររបស់យើងនោះទេ»៕










