អ្នកស្រី វណ្ណ ទេវីការ៉ូល ជនជាតិខ្មែរស្វីស ត្រូវបានគេស្គាល់ថាជា កូនស្រីទី ៣ របស់លោកតាវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍«សំណេរអង្គរលើកទី ២» លើទឹកដីនៃខេត្តសៀមរាប បង្កការចាប់អារម្មណ៍នាពេលថ្មីៗនេះ។
ជឿជាក់ថា មហាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់និងចងចាំយ៉ាងច្បាស់ហើយ លោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញប្រចាំសម័យសង្គមរាស្រ្តនិយម។ លោកតា វណ្ណ ម៉ូលីវណ្ណ និងឧត្ដមភរិយាជនជាតិស្វីសឈ្មោះ អំប្យែ ហ្សេទ្រូដ បានទទួលចំណងដៃអាពាហ៍ពិពាហ៍នូវបុត្រា បុត្រី ៦ នាក់។
យ៉ាងណា ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍សំណេរអង្គរ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ នៅទឹកនៃខេត្តសៀមរាប ក៏បានលេចមានវត្តកូនស្រីម្នាក់របស់លោកតាគឺ អ្នកស្រី វណ្ណ ទេវីការ៉ូល មកចូលរួមក្នុងព្រឹត្តិការណ៍សរសេរតាមអានដ៏ធំលើកនេះផងដែរ។ តាមការគូសបញ្ជាក់និងទឹកមុខរបស់អ្នកស្រី ពិតរំភើប មានមោទនភាព ដែលបានចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់អក្សរសាស្រ្តនិងវប្បធម៌ខ្មែរយ៉ាងខ្លាំង បើទោះបីជាខ្លួនខកខានរៀនភាសាខ្មែរជាច្រើនឆ្នាំនិងនិយាយមិនសូវជាច្បាស់ក្តី។
យោងតាមកិច្ចសម្ភាសន៍មួយ អ្នកស្រីក៏ធ្លាប់បានរៀនអក្សរសាស្រ្តខ្មែរខ្លះៗពីមុនមកដែរ មុនសម័យប៉ុល ពល តែបន្ទាប់ពីនោះមក ក្រុមគ្រួសារក៏ដូចជាលោកស្រីក៏ភៀសខ្លួនទៅរស់បរទេស ហើយក៏ខកខានរៀនភាសាខ្មែរជាង ៣០ ឆ្នាំ។ តែយ៉ាងណា កូនកាត់ខ្មែរស្វីសរូបនេះ ក៏បានឆ្លៀតពេលរៀនអក្សរខ្មែរឡើងវិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតបានលេចមុខក្នុងការប្រឡងអក្សរជាតិជាប្រវត្តិសាស្រ្តលើកនេះផងដែរ៕










