កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥នេះ យោងតាមការគូសបញ្ជាក់ពីក្រសួងព័ត៌មានបានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសារជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈ៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ។
ក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាស ឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេតិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃ ការចូលរួមរបស់ សហគមន៍ក្នុងតំបន់នានាផងដែរ។
កាលពីឆ្នាំ២០១៧ ២០១៩ និង២០២៣ សិល្បៈនៃកម្ពុជាធ្លាប់បានបង្ហាញភាព អស្ចារ្យនៃស្នាដៃបុព្វបុរសយើងទៅកាន់ពិភពលោក ដោយបាននាំយកសិល្បៈចម្រុះរបស់កម្ពុជា ប្រកបដោយភាពរស់រវើក និងទទួលបានជោគជ័យគួរជាទីមោទក។ នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកនូវទិដ្ឋភាពសិល្បៈ វប្បធម៌ចម្រុះបែបថ្មីមួយបន្ថែមទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យ និងការវិវត្តន៍នៃសិល្បៈកម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ«ឈីងហ្គេ» ២០២៥។
សូមរម្លឹកថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ សូមរង់ចាំតាមដានទស្សនាអំពីសកម្មភាពនៃការហាត់សម និងសម្ដែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីកម្ពុជាយើង ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនីរបស់យើងក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕










