អ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយស្ថិតនៅក្នុងក្រុម Veesa Team គឺ Lin Vee និង Naro Vee ទទួលបានចំណងដៃថ្មីនៃជីវិតអាពាហ៍ពិពាហ៍ហើយបន្ទាប់ពីរៀបការកាលពីចុងខែធ្នូ ឆ្នាំ២០២៤។ ដំណឹងនេះបានធ្វើឱ្យអ្នកបង្កើតមាតិកាផ្សេងៗរួមទាំងអ្នកគាំទ្ររបស់ពួកគេចូលរួមអបអរសាទរផងដែរ។
កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ Naro Vee ស្វាមី Lin Vee ស្ថិតនៅក្រុម Veesa បានប្រកាសពីដំណឹងល្អរបស់អ្នកទាំងពីរក្នុងការទទួលបានចំណងដៃសម្រាប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេដោយ Lin Vee មានទម្ងន់ហើយ។ Linda Vee ក៏បានលើកឡើងដែរថា «ប្រូលីនឥឡូវក្លាយជាម៉ាក់លីនហើយ»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេរួមទាំងមិត្តរួមអាជីពសម្តែងការអបអរផងដែរ។

អ្នកបង្កើតមាតិកា ក្នុងក្រុមតែមួយគឺ MPJ បានសម្តែងក្តីត្រេកអរថា «ខ្ញុំក្លាយជាអ៊ីគេហើយ» ពិធីករ ជា វណ្ណារិទ្ធ បានខម្មិនថា «អបអរសាទរ ប្អូនទាំងពីរ» ស្វាមីតារាសម្តែង ដួង ម៉ានិច បានសរសេរដែរថា wow អបអរសាទរអូន..» ។ ក្រៅពីនេះមានអ្នកគាំទ្រជាច្រើនបានខម្មិនអបអរសាទរទៅកាន់គូស្វាមីភរិយាថ្មីថ្មោងនេះ។

Lin Vee និង Naro Vee បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានរបស់អ្នកបង្កើតមាតិកាល្បីៗក្នុងស្រុកជាច្រើនរូប ខណៈ Naro បានស្នើសុំគូស្នេហ៍រៀបការកាលពីដើមខែធ្នូ ឆ្នាំ២០២៤។ 
គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា ឆ្នាំ២០២៤នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕










