កូរ៉េខាងជើង៖ សម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅទស្សនាប្រទេសកូរ៉េខាងជើង ឥឡូវនេះ Rason របស់កូរ៉េខាងជើងបានបើកដំណើរការហើយ។
នេះបើយោងតាម Young Pioneer Tours និង Koryo Tours ដែលជាក្រុមហ៊ុនទេសចរណ៍ចិនមានឯកទេសក្នុងការរៀបចំដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េខាងជើង បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេស Rason បានស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះតទៅ ដោយអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសភាគច្រើនចូលទស្សនា លើកលែងតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប៉ុណ្ណោះគឺមិនឱ្យចូលនោះទេ។ .png)
ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារទេសចរណ៍ក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពអាចនឹងផ្លាស់ប្តូរនៅថ្ងៃខាងមុខ។ Rason ដែលមានទីតាំងនៅភាគឦសានប្រទេសកូរ៉េខាងជើង ជាប់ព្រំដែនរុស្ស៊ី និងចិន ធ្លាប់បានស្វាគមន៍ភ្ញៀវអន្តរជាតិ មុនពេលប្រទេសនេះបិទព្រំដែនរបស់ខ្លួនក្នុងខែមករា ឆ្នាំ ២០២០ ដោយសារតែការរីករាលដាលនៃ Covid-19 ។ បច្ចុប្បន្នកន្លែងនេះបានបើកដំណើរការវិញហើយ ប៉ុន្តែអ្នកទេសចរមិនអាចធ្វើដំណើរទៅ Rason ដោយខ្លួនឯងបានទេ មុននឹងទៅត្រូវកក់ដំណើរទេសចរណ៍តាមរយៈក្រុមហ៊ុនទេសចរណ៍ដែលមានអាជ្ញាប័ណ្ណជាមុនសិន។

ដំណើរកម្សាន្តជាធម្មតាមានរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយមានមគ្គុទ្ទេសក៍ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ក្នុងស្រុកអមដំណើរពេញមួយការធ្វើដំណើរ។ Rason មានទេសភាពស្រស់ស្អាតជាច្រើនកន្លែងដូចជា កន្លែងប្រវត្តិសាស្ត្រ សារមន្ទីរក្នុងស្រុក រោងចក្រកែច្នៃត្រី ក៏ដូចជាកន្លែងទាក់ទាញមួយចំនួនទៀតរួមមាន រោងចក្រ កំពង់ផែសមុទ្រ សាលាភាសាបរទេស មជ្ឈមណ្ឌលបណ្តុះបណ្តាលតេក្វាន់ដូ និងសួនឧស្សាហកម្មមួយចំនួនទៀតសម្រាប់ភ្ញៀវទេសចរចូលទស្សនា។ 
បន្ថែមពីលើការបើកតំបន់ពិសេសនោះ ប្រទេសកូរ៉េខាងជើងក៏បានសាងសង់រមណីយដ្ឋាន Wonsan-Kalma Beach Resort ទំហំ ២៤៥ ហិកតា ដែលមានទីតាំងនៅកណ្តាលអាកាសយានដ្ឋានថ្មីនៅឆ្នេរសមុទ្រភាគខាងកើតផងដែរ។ គម្រោងនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ដើម្បីបង្កើតប្រាក់ចំណូលប្តូរប្រាក់បរទេសសម្រាប់ប្រទេស៕










