ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ទុរេនថៃដែលនាំចេញទៅប្រទេសចិនតាមរយៈអាកាសយានដ្ឋានណាននីង ត្រូវបានចិនបដិសេធការនាំចូលដោយសារផ្ទុកសារធាតុពណ៌លឿង (Basic Yellow 2) ។ មន្ត្រីគយចិនបានជូនដំណឹងមកកាន់នាយកដ្ឋានកសិកម្មទីក្រុងក្វាងចូវ ដើម្បីផ្តល់ព័ត៌មាននេះទៅស្ថាប័នពាក់ព័ន្ធនៅប្រទេសថៃ ។

មន្ត្រីគយចិនប្រកាសថា ទុរេនថៃនាំចេញមកចិន គឺប្រើប្រាស់សារធាតុ Basic Yellow 2 ដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថា គឺជាសារធាតុបង្កជំងឺមហារីក ប្រភេទ 2B ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ ហេតុនេះ ចិនតម្រូវឱ្យថៃត្រួតពិនិត្យសារធាតុនេះ និងសារធាតុគីមីផ្សេងទៀត មុននាំចេញទុរេនទៅចិន ។.png)
ក្រោយពីចិនប្រកាសផ្អាកនាំចូលទុរេនថៃ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃបានស្នើឱ្យមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យផ្លែឈើ ព្រមទាំងកំណត់វិធានការថ្មីជាបន្ទាន់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើថៃ សម្រាប់នាំចេញទៅក្រៅប្រទេស ។
កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ក្រោយពីធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ព្រមទាំងមន្ត្រីទូតថៃនៅទីក្រុងប៉េកាំង និងទីក្រុងតូក្យូ លោកស្រី ណារុមុន ភីនយ៉ូស៊ីនវ៉ាត់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ចិនផ្អាកនាំចូលទុរេនថៃ ក្រោយរកឃើញសារធាតុ Basic Yellow 2 ។ ក្រសួងកសិកម្មនឹងផ្តោតសំខាន់លើគោលនយោបាយត្រួតពិនិត្យស្តង់ដារបន្លែ ផ្លែឈើ ដោយប្រជុំជាបន្ទាន់ដើម្បីរកវិធានការដោះស្រាយកម្ចាត់ឧបសគ្គនាំចេញបន្លែ ផ្លែឈើ ។
ក្រសួងកសិកម្មសម្រេចអនុម័តបង្កើនវិធានការត្រួតពិនិត្យគ្រប់ទូរកុងទឺន័រនាំចេញទាំងអស់ដើម្បីរកសារធាតុគីមីក្នុងផ្លែឈើ ហើយបើរកឃើញសារធាតុគីមី ក្រសួងនឹងចាត់វិធានការក្រុមហ៊ុននាំចេញតាមផ្លូវច្បាប់ ។ យើងត្រៀមបង្កើតវិធានការថ្មីជាបន្ទាន់ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលើកកម្ពស់គុណភាព និងទំនុកចិត្តលើទុរេនថៃ ។ 
ក្រៅពីនេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងមានតួនាទីគ្រប់គ្រងតម្លៃទុរេន ដោយសុំការសហការជាមួយអ្នកទិញទុរេន កុំឱ្យទម្លាក់តម្លៃ ។ លោកស្រី ណារុមុន នឹងទៅប្រទេសចិន នាដើមខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាជាមួយចិនពីការនាំចេញទុរេន ខណៈថៃបាននាំចេញបន្លែ ផ្លែឈើទៅចិន កើនឡើងជារៀងរាល់ឆ្នាំ ៕










