កាលពីថ្ងៃទី ៦ ខែមករានេះ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា (ពេទ្យគៀនឃ្លាំង) បានជម្រាបជូនដំណឹងអំពី ការពិនិត្យព្យាបាល និងវះកាត់លើជំងឺ ត្រចៀក បំពងក និងច្រមុះ ជូនអ្នកជំងឺគ្រប់វ័យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០២៥ ខាងមុខនេះ។
តាមការគូសបញ្ជាក់ មជ្ឈមណ្ឌលវះកាត់កុមារយើងខ្ញុំនឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពងក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់វ័យ ដូចជា ៖
– អ្នកជំងឺមានដុំពក ក ឬ ពក ក
– ដុះសាច់ច្រមុះ
– ឬសដូងច្រមុះ
– ឈាមច្រមុះ
– និយាយស្អក (បញ្ហាបំពង់សំលេង)
– ដុសសាច់ក្នុងត្រចៀក
– ខ្សោយការស្តាប់សំលេង
– ធ្លាយកន្តាសត្រចៀក
គេហទំព័រពេទ្យខាងលើក៏បានគូសបញ្ជាក់ទៀតថា ការព្យាបាលនិងវះកាត់សំរាប់អ្នកក្រីក្រគឺមិនគិតថ្លៃអ្វីទាំងអស់។ តែសំរាប់អ្នកមានលទ្ធភាពពេលវះកាត់គឺតំរូវអោយជួយបរិច្ចាគថវិការជួយមន្ទីរពេទ្យតាមដែលខ្លួនឯងចង់ផ្តល់(តាមចិត្តរបស់អ្នកដែលបរិច្ចាក) ដើម្បីទុកសំរាប់អ្នកដែលអត់។ ខាងមន្ទីរពេទ្យគឺធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង៨ ព្រឹកដល់ ៥ល្ងាច។
ដូច្នេះហើយអ្នកជំងឺអាចមកចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជួបគ្រូពេទ្យបារាំងបានតាមរយៈមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាងឬ មូលនិធិជនពិការ ដែលមានទីតាំងនៅលើផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខតេលេក្រាម ០១២ ៨០៧ ៦៧៩៕










