ប្រទេសថៃ ៖ ក្រោយពីលោក ឆាត់ជាតិ សិទ្ធីផាន់ អភិបាលក្រុងបាងកក ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់នៅតាមផ្លូវសុខុមវីត កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធសហការជាមួយសមត្ថកិច្ចចាត់វិធានការអ្នកសុំទាន ជាពិសេស ក្មេ.ងសុំទាន ហើយលោកបានសំណូមពរពលរដ្ឋថៃកុំផ្តល់ប្រាក់ឱ្យអ្នកសុំទានដាច់ខាត ។

លោក ឆាត់ជាតិ និយាយថា ចិញ្ចើមផ្លូវសុខុមវីដ មានភ្ញៀវទេសេចរបរទេសដើរទៅមក រហូតដល់ស្មើ៩៥% និងស្ទើរតែគ្មានពលរដ្ឋថៃដើរតាមចិញ្ចើមផ្លូវនេះទេ ពីព្រោះវាជាតំបន់ទេសចរណ៍ ។ ប៉ុន្តែបញ្ហាធំបំផុតនៅតាមចិញ្ចើមផ្លូវសុខុមវីត គឺសម្បូរអ្នកសុំទាន ជាពិសេស ក្មេងៗ ដែលលោកពុំអាចទទួលយកបាន ហើយនៅមានបញ្ហាផ្សេងទៀត គឺអ្នកគ្មានផ្ទះសម្បែង និងការលក់ទំនិញខុសច្បាប់ ដូចជា ៖ បារីអេឡិចត្រូនិក និងឧបករណ៍ដាស់អារម្មណ៍ ។
ការលក់របស់របរតាមចិញ្ចើមផ្លូវនៅតំបន់ទេសចរណ៍ គឺអាចលក់បានសម្រាប់ពលរដ្ឋថៃ ប៉ុន្តែបើជនបរទេសលក់ខុសច្បាប់ គឺសមត្ថកិច្ចត្រូវតែចាត់វិធានការតាមច្បាប់ ។ ក្រៅពីនេះ សមត្ថកិច្ចត្រូវរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវផងដែរ និងហាមឃាត់រថយន្តចតលើផ្លូវផ្តេសផ្តាស ។.png)
ពលរដ្ឋរាយការណ៍ថា ពេលឃើញសមត្ថកិច្ច អ្នកសុំទាននាំគ្នារត់បាត់អស់ ប៉ុន្តែពេលសមត្ថកិច្ចទៅបាត់ ពួកគេក៏ត្រឡប់មកកន្លែងដើមវិញ ក្នុងនោះក៏មានក្មេងសុំទានដែរ ។ ពលរដ្ឋថៃតែងតែអាណិតអាសូរក្មេងទាំងនេះ ហើយពុំដឹងថា គេយកក្មេងៗមកពីណាទេ ។

ហេតុនេះ សូមគ្រប់គ្នាកុំផ្តល់ប្រាក់ឱ្យអ្នកសុំទាន ហើយស្ថាប័នពាក់ព័ន្ធ ដូចជា ៖ ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ ត្រូវសហការជាមួយសមត្ថកិច្ចជួយគ្នាចាត់វិធានការអ្នកសុំទាននៅទីក្រុងបាងកក ដោយយើងអនុវត្តតាមច្បាប់ និងគោលការណ៍មនុស្សធម៌ ។ នេះបើតាមការលើកឡើងរបស់លោក ឆាត់ជាតិ ។
លោក ឆាត់ជាតិ បាននិយាយ Live ផ្ទាល់ក្នុងហ្វេសប៊ុករបស់លោក ក្នុងពេលចុះត្រួតពិនិត្យសណ្តាប់ធ្នាប់នៅតាមផ្លូវសុខុមវីត ថា ក្មេងតូចៗអាយុពី៤ឆ្នាំ ទៅ៥ឆ្នាំ បានមកដេកសុំទានតាមផ្លូវ ហើយភ្ញៀវទេសចរបរទេសអាណិតផ្តល់ប្រាក់ឱ្យរហូតដល់៥០០បាត ។ ដូច្នេះ បើពលរដ្ឋឃើញក្មេងសុំទាន សូមផ្តល់ដំណឹងមកសមត្ថកិច្ច ឬរាយការណ៍ទៅមន្ត្រីពាក់ព័ន្ធ ៕










