ជាការពិតណាស់ កាលណាដែលនិយាយដល់ពាក្យថា«សមាធិ» គេរមែងនឹកដល់ព្រះធម៌ ក្នុងព្រះពុទ្ធសាសនា។ តែយ៉ាងណា លោកអ្នកប្រហែលជាមិនបានដឹងទេថា នាប៉ុន្មានទសវត្សចុងក្រោយនេះ សមាធិគឺធ្វើឡើងដើម្បីសុខភាព ដែលណែនាំពីក្រុមវេជ្ជសាស្រ្តនិងវិទ្យាសាស្រ្តផងដែរ។
អំឡុងឆ្នាំ ១៩៧៩ សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តអាមេរិកមួយរូប ដែលមានឈ្មោះថា Jon Kabat Zinn បានបំប្លែងការសមាធិ ដែលមានលក្ខណៈជាសាសនា មកជាវិធីសាស្រ្តក្នុងការព្យាបាល និងសម្រួលផ្លូវចិត្តតាមបែបវិទ្យាសាស្រ្តវិញ។ សាស្រ្តាចារ្យរូបនេះបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា MBSR Mindfullness Based stress reduction។

ខណៈតំាងពីពេលនោះមក កម្មវីធីសមាធិបែបវេជ្ជសាស្រ្តក៏កាន់តែល្បីសុះសាយ និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។ ក្រុមគ្រូពេទ្យតាមបណ្តាប្រទេសធំៗបានរកឃើញថា ការធ្វើសមាធិពិតជាបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព ជាពិសេសនឹងអំណោយផលល្អដល់ប្រព័ន្ធខួរក្បាល កាត់បន្ថយស្រ្តេស ប្រមូលផ្តុំអារម្មណ៍ ជាការលើកទឹកចិត្តដល់ខ្លួនឯង កាត់បន្ថយការឈឺចាប់ និងគេងលក់ស្រួលជាដើម។

ក្រុមគ្រូពេទ្យក៏បានឲ្យដឹងទៀតថា ការធ្វើសមាធិអាចជួយពន្យាភាពចាស់ ទាំងទៅលើការពង្រឹងស្មារតីនិងបង្កើនការចងចាំ។ ចំណែកអ្នកដែលមានជម្ងឺមហារីក ក៏ត្រូវបានលើកទឹកចិត្តឲ្យធ្វើសមាធិជាប្រចាំផងដែរ។ ម៉្យាងវិញទៀត ការធ្វើសមាធិនឹងធ្វើឲ្យយើងសម្រួមអារម្មណ៍ មានភាពស្រស់ស្រាយ បំបាត់ទុក្ខកង្វល់ ក៏ដូចជាកែលើចរិតលក្ខណៈកោងកាចពីកំណើតបានទៀតផង។

នៅតាមបណ្តាប្រទេសលោកខាងលិច គេតែងរៀនធ្វើសមាធិដោយខ្លួនឯង នៅតាមទីកន្លែងលំហែរ ស្ងប់ស្ងាត់ណាមួយ និងមិនចាំបាច់ទៅធ្វើនៅឯទីវត្តអារាមនោះទេ។ ការធ្វើសមាធិ ត្រូវបានរាប់បញ្ចូលជាបច្ចេកវិទ្យាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាស្រ្តេសនិងជម្ងឺបាក់ទឹកចិត្តដ៏ពេញនិយមនិងមានប្រសិទ្ធភាពបំផុត។
សូមជម្រាបថា សមាធិ គឺជាការតាំងចិត្តឲ្យស្ងប់ ជាការគ្រប់គ្រងលើផ្លូវដង្ហើម ក៏ដូចជាមានឥទ្ធិពលទៅលើការគ្រប់គ្រងអារម្មណ៍របស់យើងទាំងស្រុង។ «នៅពេលដែលយើងមកធ្វើសមាធិ គឺយើងនឹងរៀនអំពីប្រព័ន្ធនៃការគិត ឲ្យយើងស្ថិតនៅក្នុងចំណុចវិជ្ជមាន គិតអំពីសេចក្តីសុខចម្រើន ដែលបានមកពីអារម្មណ៍និងដំណកដង្ហើមរបស់យើង»៕










