សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២ ខែមករាថ្មីៗនេះ មានយន្តហោះខ្នាតតូចមួយធ្លាក់ចំដំបូលឃ្លាំងនៃរដ្ឋ Fullerton សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សពីរនាក់ស្លា.ប់ និង ១៨ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅប្រហែលម៉ោង ២ រសៀលនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅជិតព្រលានយន្តហោះ Fullerton Municipal នៃរដ្ឋ Fullerton សហរដ្ឋអាមេរិក។ ប៉ូលិសបាននិយាយថា មានមនុស្សពីរនាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ពីលើដំបូលឃ្លាំង។

ភ្លាមនោះឃ្លាំងផ្ទុកទំនិញក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ទៅក្នុងអាកាស ដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយរាប់គីឡូម៉ែត្រ។ ប៉ូលីស និងអ្នកពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុ ដោយជម្លៀសកម្មកររាប់សិបនាក់ចេញពីអគារឃ្លាំងនោះ ក្រោយមកភ្លើងក៏ត្រូវបានពន្លត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ABC7 ក្នុងចំណោមអ្នករបួស ១៨ នាក់ មាន ១០ នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ និង ៨ នាក់ទៀតត្រូវបានព្យាបាលទាន់ពេលវេលា។
ទោះជាយ៉ាងណាព័ត៌មានលម្អិតអំពីការស្លាប់ពីរនាក់ផ្សេងទៀតមិនត្រូវបានឱ្យដឹងភ្លាមៗនោះទេ។ ហើយសម្រាប់មូលហេតុនៃការធ្លាក់យន្តហោះក៏មិនទាន់មានរបាយការណ៍ច្បាស់លាស់នោះឡើយ ដោយប៉ូលីសកំពុងស៊ើបអង្កេតរឿងទាំងនេះបន្តទៀត។ គួរបញ្ជាក់ដែរថា ករណីធ្លាក់យន្តហោះចំដំបូលអគារ ឬដំបូលឃ្លាំងមិនមែនជាលើកទីមួយនោះទេ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងច្រើនដងហើយនៅតាមបណ្តាប្រទេសផ្សេងៗ។
.png)
កាលពីឆ្នាំ ២០២៤ នៅអាមេរិកក៏មានយន្តហោះធុនស្រាលមួយគ្រឿងមានបញ្ហាម៉ាស៊ីន បានធ្លាក់ចូលទៅក្នុងផ្ទះមួយ បណ្តាលឱ្យមានការឆាបឆេះយ៉ាងខ្លាំង រីករាលដាលដល់ផ្ទះក្បែរនោះ ធ្វើឱ្យអ្នកបើកយន្តហោះ និងមនុស្សនៅក្នុងផ្ទះបានបាត់ជីវិតភ្លាមៗ រួមទាំងអ្នកជិតខាងក៏រងរបួសធ្ងន់ធ្ងរផងដែរ៕









