សហគមន៍នេសាទត្រពាំងសង្កែ គឺជាកន្លែងទេសចរណ៍ដែលមានភាពទាក់ទាញ និងល្បីល្បាញបំផុតមួយប្រចាំខេត្តកំពត ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយត្រឹមតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលទុរេន។ យោងតាមក្រសួងទេសចរណ៍ សហគមន៍មួយនេះធ្លាប់បានឈ្នះពានរង្វាន់ចំនួន ២ ពីសហគមន៍អាស៊ាន គឺពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន និងពានរង្វាន់ផ្ទះសំណាក់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានក្នុងឆ្នាំ ២០២៣។ 
សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្តមួយដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាងទំហំសរុប ៤៨ ហិចតាដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។ ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរួមខេត្តកំពតតាមបណ្ដោយផ្លូវជាតិលេខ ៣៣ ឆ្ពោះទៅកាន់ខេត្តកែបចម្ងាយប្រហែល ៧ គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវបេតុងតូចមួយ ហើយបន្តដំណើរប្រហែល ៥០០ ម៉ែត្រទៀតនឹងបានទៅដល់ទីតាំងដ៏ស្រស់ស្អាតមួយកន្លែងនេះតែម្តង។ 
នៅពេលទៅដល់លោកអ្នកនឹងបានឃើញទិដ្ឋភាពព្រៃឈើពណ៌បៃតងយ៉ាងសម្បូរបែប ផ្ទះបឹងហ្គាឡូ បណ្ណាល័យ អាហារដ្ឋាន ទូកទេសចរណ៍ និងថ្នាលបណ្តុះកូនកោងកាងទៀតផង។ លើសពីនេះភ្ញៀវក៏អាចរដាំកូនកោងកាងទុកជាអនុស្សាវរីយ៌នៅក្នុងសហគមន៍ ក៏ដូចជាជិះទូកមើលព្រៃកោងកាងនៅជាប់មាត់សមុទ្រ ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ ទទួលទានអាហារឆ្ងាញ់ៗនៅកញ្ចុះជួបជុំគ្រួសារ បងប្អូន និងមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ។
គួរបញ្ជាក់ដែរថា ដើមកោងកាងគឺជាប្រភេទរុក្ខជាតិសមុទ្រ ដែលដុះនៅតាមបណ្តោយឆ្នេរមានភក់ល្បាប់ មានទឹកជោរនាច ធន់នឹងកំហាប់អំបិលខ្ពស់ ហើយមានឫសជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យបោកបក់បំផ្លាញដំណាំនិងផ្ទះនៅតំបន់ឆ្នេរឡើយ។ ដើមកោងកាង ១ ហិកតាអាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន ១ តោនដូចគ្នា។ លើសពីនេះដើមកោងកាងក៏ជាជំរកដ៏សំខាន់របស់ជីវចម្រុះ ត្រី ខ្ចង ក្តាមគ្រប់ប្រភេទ និងក៏ជាកន្លែងសម្រាប់ឱ្យត្រីជ្រកពង ក្នុងរដូវត្រីពងផងដែរ៕.png)










