«លោក ជីវ តាក្វាន់ បានជួបនគរចេនឡា» ជាកំណត់ត្រាចិនដ៏ល្បីអំឡុងសតវត្សទី ១៣ ដែលពិពណ៌នាអំពីវប្បធម៌ អរិយធម៌នាសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ យ៉ាងណា ទស្សនីយភាពប្រវត្តិសាស្ត្រពាន់ឆ្នាំដ៏កម្រនិងអស្ចារ្យនេះ នឹងលេចឡើងម្តងទៀតឲ្យមហាជនទស្សនា នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយរួមព្រះរាជវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ។

ថ្មីៗនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានជម្រាបជូនដំណឹងអំពី ការសម្តែងសិល្បៈក្រោមចំណងជើងថា”លោក ជីវ តាក្វាន់ បានជួបនគរចេនឡា”។ ការសម្តែងនេះនឹងបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់អ្នកការទូតចិន ជីវ តាក្វាន់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសតវត្សទី ១៣ ដោយនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅកាន់សម័យអង្គរដ៏រុងរឿងតាមរយៈការសម្តែង របាំ និងសាច់រឿង។ ជាមួយគ្នានោះនឹងមានការសម្តែងរួមគ្នារវាងសិល្បៈករ និងសិល្បៈការីទាំងចិននិងខ្មែរយ៉ាងច្រើនកុះករ។
ទស្សនីយភាពសិល្បៈដ៏ធំលើកនេះ ក៏រួមមានព្រះរាជវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ ដោយថ្មីៗនេះ ព្រះនាងបានបង្ហាញវីដេអូក្នុងការហាត់សមសម្តែង និងគូសបញ្ជាក់ថា «សូមពុកម៉ែបងប្អូនអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករដោយហេតុថាស្នាដៃសិល្បៈនេះបង្ហាញពីអរិយធម៌ខ្មែរនៅសតវត្សរ៍ទី ១៣ តាមរយៈការសម្តែង ការរាំ និងការច្រៀង ជាមួយនឹងការលាយបញ្ចូលគ្នានៃប្រវត្តិសាស្ត្រ វប្បធម៌ និងមនោសញ្ចេតនា»។

ចំពោះទីតំាងសម្តែងគឺនឹងប្រព្រឹត្តិទៅនៅឯសាលមហោស្រពចតុមុខ (រាជធានីភ្នំពេញ) នាថ្ងៃអាទិត្យ ទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលរួមមានការសម្តែងចំនួន២ ដង គឺនៅម៉ោង ៣ រសៀល និងម៉ោង ៧ ល្ងាច។ ចំពោះតម្លៃសំបុត្រចូលទស្សនាគឺមានពី ៥ដុល្លារ និង ១២.៥ដុល្លារផងដែរ៕










