ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដបានជាស្គាល់យ៉ាងច្បាស់ហើយ ល្ខោនបាសាក់វង់ ភី សុគន្ធី ដែលជាវង់ល្ខោនដ៏ល្បីមួយក្នុងប្រទេសកម្ពុជា ដោយជាទូទៅ គេសង្កេតឃើញថា តែងមានការសម្តែងនៅតាមទីជនបទ និងវត្តអារាមជាដើម។ តែយ៉ាងណា ស្របតាមបរិបទថ្មី រោងល្ខោននឹងត្រូវលើកយកមកដាក់ក្នុងទីផ្សារទំនើបដ៏ធំជំនួសវិញ ប្រកបដោយភាពទាក់ទាញ។

យោងតាមការដាក់បង្ហោះរបស់គេហទំព័រ ផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺបានគូសបញ្ជាក់ថា «នាថ្ងៃអាទិត្យ ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ ផ្ទាំងទស្សនីយភាពការសម្ដែងល្ខោនបាសាក់ វង់ ភី សុគន្ធី ដែលអ៊ំពូមីងបងប្អូនទន្ទឹងរង់ចាំ នឹងត្រឡប់មកកំដរអារម្មណ៍អ៊ំពូមីងបងប្អូនសារជាថ្មីហើយ»។
នាថ្ងៃអាទិត្យនេះ វង់ល្ខោនភី សុគន្ធី នឹងនាំមកជូនរឿងមួយក្រោមចំណងជើងថា “ចន្ទសង្វាបុប្ផាភួង”។ ចំពោះទីតំាងសម្តែងគឺស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យផ្ទាល់តែម្តង នៅវេលាម៉ោង ៥ ល្ងាច។ ដូច្នេះហើយអ៊ំពូមីងបងប្អូនទាំងអស់ គឺអញ្ជើញមកចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាការស្ទួយដល់សិល្បៈវប្បធម៌ខ្មែរឲ្យបានគង់វង្សជាដរាប។
សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ ឬផ្សារទំនើបអ៊ីអន៣ តែងបង្ហាញជូននូវសិល្បៈវប្បធម៌ខ្មែរជាច្រើនទម្រង់ឲ្យមហាជនទស្សនា ស្ទើរតែជារៀងរាល់សប្តាហ៍ ដែលរួមមានល្ខោនស្រមោលស្បែកធំ ស្បែកតូច ល្ខោនបាសាក់ និងល្ខោនយីកេជាដើម ហើយទទួលបានការសន្ទុះគាំទ្រយ៉ាងច្រើនផុសផុល។ ផ្សារទំនើបអ៊ីអន៣ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕










