ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដ៏ឆាប់ខាងមុខនេះ ដែលនឹងប្រព្រឹត្តិទៅយ៉ាងមហាឡារិក នៅមុខព្រះបរមរាជវាំង និងមានអ្នកចូលរួមប្រមាណនឹង ៣០០០នាក់ ព្រមជាមួយនឹងទស្សនីយភាពជាច្រើនទៀត ដែលជាការចងចាំល្អនាថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។
នាថ្ងៃទី ២៥ ខែធ្នូនេះ រដ្ឋបាលខណ្ឌដូនពេញ បានបង្ហាញពីទិដ្ឋភាពពីលើអាកាស ចំពោះការតុបតែលម្អយ៉ាងល្អប្រណិត ដើម្បីត្រៀមរៀបចំពិធីដង្ហែក្បួនថ្មើរជើង សម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
ក្រឡេកទៅកាន់សម្រស់នាពេលរាត្រីវិញគឺរឹតតែល្អឯក ដោយមានការរៀបចំតុបតែងលម្អ បំពាក់ភ្លើងចម្រុះពណ៌ ជាការបន្ថែមសម្រស់ឲ្យព្រះបរមរាជវាំងកាន់តែមានភាពលេចធ្លោ និងអធិកអធមក្រៃ សរបញ្ជាក់អំពីកិត្យានុភាពរបស់ព្រះមហាក្សត្រនូវគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងសង្គមជាតិខ្មែរ។ យ៉ាងណា បើទោះបីជាថ្ងៃកម្មវីធីមិនទាន់នឹងចាប់ផ្តើមក្តី ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន ព្រមទាំងជនបរទេស បានទៅទស្សនានិងថតរូបលេងកម្សាន្តជាបណ្តើរៗហើយ។
ភាពលេចធ្លោនៃព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនារាត្រីថ្ងៃឆ្លងឆ្នាំនេះ នឹងមានក្បួនដង្ហែបែបវប្បធម៌ប្រពៃណី ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ព្រមជាមួយនឹងទស្សសនីយភាពជាច្រើនទៀតដូចជា យក្សល្ខោនបាសាក់ចំនួន ២០០ ទីងមោងចំនួន ៨៥ ក្រុមល្ខោនស្បែកធំ គោមយក្ស ពោងយក្ស។ ជាមួយគ្នានោះនឹងមានកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតដូចជា តន្រ្តីប្រជាប្រិយ ដែលមានការអញ្ជើញចូលរួមពីតារាល្បីៗ ,ការអុជកាំជ្រួចអបអរសាទរ រាប់ថយក្រោយនារាត្រីឆ្លងឆ្នាំដ៏មហាឡារិកនៅមុខព្រះបរមរាជវាំង ដែលមិនធ្លាប់មានពីមុនមកសោះឡើយ។
យ៉ាងណា វត្តមានស្គរជ័យទម្ងន់ ៣ តោន ក៏បានលេចវត្តមាននៅមុខព្រះបរមរាជវំាង នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះ ត្រៀមរួចជាស្រេច សម្រាប់ចូលរួមក្នុងក្បួនដង្ហែរផងដែរ។ សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា» គឺជារៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា៕










