យោងតាមការដាក់បង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបគឺបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍«បង្ហើរខ្លែងឯកខ្មែរ» នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៧, ២៨ និង ២៩ ខែធ្នូ ឆ្នាំ ២០២៤ ដែលរួមមានកម្មវីធីសប្បាយៗជាច្រើន ដូចជាការប្រកួតបង្ហើរខ្លែងឯក, ការពិពណ៌, និងការសម្តែងសិល្បៈបុរាណនិងសម័យ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា បុណ្យបង្ហើរខ្លែងឯករៀបចំឡើងក្នុងបំណងដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តិទៅនៅមុំបរិវេនអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប (ចាស់)។
ដូច្នេះ នាថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូនេះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិគឺអាចអញ្ជើញទៅចូលរួមទស្សនាបានដោយសេរី ដែលរួមមានកម្មវីធីសប្បាយៗជាច្រើនដូចជា កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ, កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណនិងសម័យ នាពេលរាត្រី។ ព្រមជាមួយជាមួយនឹងកម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាបផងដែរ៕









