បទចម្រៀងដ៏ល្បីល្បាញ «Die with a Smile» របស់ Bruno Mars និង Lady Gaga បានទាញការចាប់អារម្មណ៍និងល្បីកក្រើកទូទាំងពិភពលោកនិយាយអំពីបំណងប្រាថ្នា ស្នេហារហូតដល់ពិភពលោកបានបញ្ចប់។ ភាពល្បីល្បាញរបស់បទចម្រៀងនេះបានជំរុញចិត្តឱ្យយុវជនពីរនាក់យកឧបករណ៍ភ្លេងខ្មែរចំនួនពីរគឺទ្រនិងឈិងប្រគំបទនេះឡើងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងទិកតុក។
កាលពីពេលថ្មីៗនេះគណនីទិកតុកមួយឈ្មោះថា «Nup» បានបង្ហោះវីដេអូមួយដោយបានដាក់អក្សរនៅលើវីដេអូថា «Die with a Smile» Khmer Version cover ។ ក្នុងវីដេអូនេះមានយុវជនពីរនាក់បានចាប់ផ្តើមជាមួយនឹងការច្រៀងរបស់តារាចម្រៀង Bruno Mars បន្ទាប់មកបានបន្ទរជាមួយនឹងសំឡេងឧបករណ៍ភ្លេងខ្មែរចំនួនពីរប្រភេទគឺ ទ្រ ហើយនឹង ឈិង។ ការប្រគំជាមួយឧបករណ៍ទាំងពីរប្រភេទនេះទៅលើបទចម្រៀងដ៏ល្បីល្បាញបានទាញចិត្តទស្សនិកជនជាអ្នកលេងទិកតុកជាច្រើនមានទាំងជាតិសាសន៍ខ្មែរនិងជាតិសាសន៍ដទៃទៀត។
វីដេអូមួយនេះបានទាញចិត្តអ្នកទស្សនាចុចឱ្យបេះដូងរហូតដល់ជាង១៥៥K មានមតិរាប់ពាន់នាក់និងការចែករំលែកជិត១ម៉ឺន ខណៈមានការទស្សនាវីដេអូនេះដល់ទៅ១លានដងឯណោះក្នុងរយៈពេល២ថ្ងៃ។ ទស្សនិកជនបានបញ្ចេញមតិសរសើរជាច្រើននិងថាពីរោះម្យ៉ាងកម្សត់បែបខ្មែរ និងសំណូមពរបែបនេះឱ្យច្រើនមក។
គួរបញ្ជាក់ផងដែរថា បើយោងតាម Apple Music ក្នុងរយៈពេលត្រឹមតែពីរម៉ោងនៃការចេញផ្សាយនៅថ្ងៃទី ១៦ ខែសីហា បទចម្រៀងរបស់ Bruno Mars ដែលមានអាយុ៣៩ឆ្នាំនិង Lady Gaga ដែលមានអាយុ៣៨ឆ្នាំ បានឈានដល់លេខ ១ នៅលើតារាង iTunes របស់សហរដ្ឋអាម៉េរិក ដែលជាសមិទ្ធិផលលឿនបំផុតក្នុងឆ្នាំនេះ។ 
បទនេះបានបង្ហាញខ្លួននៅលើតារាង Billboard Hot 100 សម្រាប់រយៈពេល ១១ សប្តាហ៍ និងបានគ្របដណ្តប់លើតារាងពិភពលោករបស់ Billboard អស់រយៈពេល៨សប្តាហ៍និងទទួលបានការតែងតាំងពានរង្វាន់ធំផងដែរ។ ក្នុងការសហការឆ្នាំនេះក្រៅពីបទ «Die with a Smile» ជាមួយ Lady Gaga Bruno Mars ក៏មានការសហការល្បីទូទាំងសកលជាមួយ Rosé ទៅលើបទ «APT»៕










