ទីបំផុតបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីនារីម្នាក់ឈ្មោះ ធីតា ចេញមកចោទខ្លួនចម្លងរោគទៅកាន់នាង តារាចម្រៀង វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈ ទាក់ទងនឹងបញ្ហានេះដោយលោកដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោកត្រឡប់មកវិញដែលជារឿងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតខ្លួន។ វណ្ណថាន ថាលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ។
នៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤ តារាចម្រៀង វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈដោយបានលើកឡើងថាសប្តាហ៍ដែលទើបតែកន្លងមកនេះ គឺជាពេលដែលពិបាក និង គួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់លោក។ ហើយលោកដឹងដែរថា ទស្សនិកជនមានមន្ទិល និង ចម្ងល់ជាច្រើនទាក់ទងនឹង ភាពស្ងៀមស្ងាត់របស់ខ្លួន។ ចំណុចនេះតារាចម្រៀង វណ្ណថាន ថាការស្ងៀមស្ងាត់របស់លោកគឺដោយសារបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ខ្លួន សុំឱ្យរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលព័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ ពី ភាពស្អាតស្អំរបស់លោក។.png)
ម្ចាស់បទ កំលោះស្រុកខ្មែរ បានបញ្ជាក់ថាលោកជឿលើប្រព័ន្ធតុលាការ និង ការដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ ហើយ ជឿជាក់ថាច្បាប់របស់ប្រទេសកម្ពុជានឹង ដោះស្រាយបញ្ហានេះ ដោយយុត្តិធម៌ និង ការពារភាពស្អាតស្អំរបស់លោក។ លោកបានស្នើសុំកុំឱ្យមានការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានមិនពិតរង់ចាំការសម្រេចសេចក្ដីរបស់តុលាការ ឬក៏ធ្វើការវិនិច្ឆ័យណាមួយដោយពុំមានមូលដ្ឋាន ឬប្រភពច្បាស់លាស់ព្រោះនាំឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវិតបុគ្គល និង អាជីពរបស់លោកក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស។
តារាចម្រៀងពហុជំនាញឧបករណ៍ភ្លេងរូបនេះ ក៏បានសូមទោសដល់ដូចសាធារណជន ដោយរឿងនេះបង្កជាការជ្រួលច្របល់ក្នុងបណ្តាញសង្គម។ វណ្ណថាន ថាលោកពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់លោកត្រូវបានបង្អួចបែបនេះ។ ដោយហេតុ នេះហើយ ទើប លោកសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង ស្រោចស្រង់ កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់លោកមកវិញ។
តារាចម្រៀងលី វណ្ណថាន អះអាងថា នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយនិងអរគុណសម្រាប់ការស្រលាញ់គាំទ្រលោកក្នុងគ្រាដ៏លំបាកនេះ៕










