កោះកាពិ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងនៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ កោះនេះព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានបក្សាបក្សីហោះហើរពេញផ្ទៃមេឃ រលកបោកច្រាំង និងសម្លេងសត្វស្លាបទឹកយំរំពងព្រៃជាទីសន្តិភាពផ្លូវចិត្ត។ 
កោះកាពិសក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ និងដៃគូស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗនៅទីនេះបានដោយសេរី។ ក្រៅពីភាពស្ងប់ស្ងាត់ ទេសភាពស្រស់សោភា ភ្ញៀវទេសចរក៏អាចជិះទូកកម្សាន្ត ទស្សនាដើមកោងកាង ញ៉ាំអាហារសមុទ្រស្រស់ៗ រំសាយអស់ទុក្ខកង្វល់ទៀតផង។

ជាមួយផ្ទៃដី ១៤,០២៩ ហិកតា កោះកាពិផ្តល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ជាពិសេសមានព្រៃកោងកាងដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជាសត្វត្រយ៉ងយក្ស និងថនិកសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជាពង្រូលប្រភេទ Manis javanica និងស្វាព្រាមផងដែរ។ ដូច្នេះបើបងប្អូនបានទៅដល់ខេត្តកោះកុងហើយ សូមកុំរំលងរមណីយដ្ឋានកោះកាពិឱ្យសោះ ព្រោះបងប្អូនមិនត្រឹមតែបានរំសាយទុក្ខប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សហគមន៍ និងកិច្ចការអភិរក្សផងដែរ។ 
គួរបញ្ជាក់ដែរថា មូលហេតុដែលកោះនេះ ត្រូវបានគេដាក់ឈ្មោះថាជាកោះកាពិ គឺដោយសារកោះនេះមានកំពឹសសមុទ្រច្រើន។ កាលពីដើមពុំមានមនុស្សនៅទេ ប៉ុន្តែក្រោយមកមានខ្មែរ និងចិន ៣ – ៤ គ្រួសារ ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថាកោះកាពិៗ រហូតដល់សព្វថ្ងៃ ៕










