ថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងនឹងរៀបចំ “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
ពិព័រណ៍នេះ រៀបចំឡើងនៅក្នុងគោលបំណងបង្ហាញជូនសាធារណជនឲ្យបានស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា ដែលជាជំនាញវិជ្ជាជីវៈដូនតាខ្មែរ និងដើម្បីអបអរសាទរ«ក្រមា»ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។
ដូច្នេះ សាធារណៈជនទូទៅអាចអញ្ជើញមកចូលរួមទស្សនាដោយសេរី ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ចាប់ពីម៉ោង៩:00នាទីព្រឹក ដល់ម៉ោង៨:៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕










