ស្រមោច គឺជាសត្វល្អិតមួយប្រភេទដែលចូលចិត្តស៊ី និងពាំអាហាររបស់មនុស្សយកទៅសំបុករបស់វា ។ ស្រមោចមិនត្រឹមតែរំខានដល់ការរស់នៅរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាបាននាំមេរោគផ្សេងៗមកបរិវេណដែលវាឆ្លងកាត់ ជាពិសេស អាហារនៅលើតុ និងក្នុងផ្ទះបាយ ។.png)
សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវវិធីកម្ចាត់ស្រមោចក្នុងផ្ទះតាមធម្មជាតិ ដើម្បីការពារកុំឱ្យវានាំមេរោគផ្សេងៗលាយឡំជាមួយអាហាររបស់យើង ដូចជា ៖
១-ទឹកខ្មេះ ៖ វិធីកម្ចាត់ស្រមោចប្រកបដោយប្រសិទ្ធភាព គឺការប្រើប្រាស់ទឹកខ្មេះ ដោយសារវាមានក្លិនខ្លាំងសម្រាប់ស្រមោច ។ ចូរលាយទឹកខ្មេះជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចហើយ យកទឹកនេះទៅដាក់ក្នុងដបដែលមានគម្របបាញ់ សម្រាប់បាញ់នៅបរិវេណមានស្រមោច ។
២-ទឹកក្រូចឆ្មារ ៖ ក្លិនជូររបស់ទឹកក្រូចឆ្មារនឹងជួយបណ្តេញស្រមោចបាន ដោយគ្រាន់តែយកទឹកក្រូចឆ្មារមកផ្សំជាមួយទឹកធម្មតា គឺទឹកក្រូចឆ្មារ១ភាគ ស្មើទឹកធម្មតា ៣ភាគ ។ បន្ទាប់មក យកទឹកនេះដាក់ក្នុងដបមានគម្របបាញ់ ដើម្បីបាញ់នៅសំបុកស្រមោច ឬផ្លូវដើររបស់វា ។
៣-សំបកក្រូច ៖ យើងអាចយកសំបកក្រូចមកលាងទឹក និងហាលថ្ងៃឱ្យស្ងួត រួចហើយ យកសំបកក្រូចស្ងួតមកដាក់ក្នុងចាន និងដាក់តាមកន្លែងមានស្រមោច ។ វិធីមួយទៀត គឺយកសំបកក្រូចប្រមាណ២ផ្លែ មកកិនជាមួយទឹក២៥០មីល្លីលីត្រ និងយកទឹកនេះទៅច្រកដបបាញ់នៅកន្លែងមានស្រមោច ហើយក្លិនសំបកក្រូចនឹងធ្វើឱ្យស្រមោចពុំហ៊ាននៅក្បែរ ។
.png)
៤-ប្រេងម៉ាស៊ីន ៖ ចូរយកប្រេងម៉ាស៊ីនមកដាក់នៅតាមទ្វារ និងផ្លូវដើររបស់ស្រមោចដើម្បីបណ្តេញវា ។ ក្រៅពីនេះ យើងអាចយកប្រេងម៉ាស៊ីនលាយជាមួយទឹក រួចហើយយកទឹកនេះមកលាបតាមបរិវេណផ្លូវដើររបស់ស្រមោច ។.png)
៥-កាកកាហ្វេ ៖ បើឃើញស្រមោចក្នុងផើងផ្កា ឬលើគល់ឈើ ត្រូវយកកាកកាហ្វេទៅរោយពីលើ ហើយវិធីនេះមិនត្រឹមតែធ្វើឱ្យបាត់អស់ស្រមោចប៉ុណ្ណោះទេ ប៉ុន្តែវានឹងបណ្តេញសត្វល្អិតបំផ្លាញដំណាំផងដែរ ។ ម្យ៉ាងទៀត កាកកាហ្វេផ្តល់ប្រយោជន៍ដល់ដើមផ្កា និងរុក្ខជាតិពណ៌បៃតងទៀតផង ។
៦-ម្សៅលាបខ្លួន ៖ យើងអាចយកម្សៅលាបខ្លួនកុមារ ឬម្សៅលាបខ្លួនមនុស្សធំ មករោយនៅតាមផ្លូវដើរ ឬរោយលើសំបុកស្រមោច ពីព្រោះម្សៅនឹងធ្វើឱ្យស្រមោចពិបាកដកដង្ហើម និងពិបាកទំនាក់ទំនងគ្នា ៕










