តារាកំប្លែងយាយតយ មិនសូវជាបង្ហាញមុខក្នុងវិស័យសិល្បៈប៉ុន្មាននោះទេប៉ុន្តែចុងក្រោយនេះបានលេចមុខសម្តែងជាមួយនឹងតារាកំប្លែងពូណុយ។ ថ្លែងប្រាប់ក្នុងបទសម្ភាសន៍យាយតយថា វ័យកាន់តែចាស់គេមិនសូវហៅទៅធ្វើការ ខណៈចុងក្រោយនេះបានការជួយជ្រោមជ្រែងពី ពូណុយ សម្តែងកំប្លែងខ្លីៗ។
ក្នុងបទសម្ភាសន៍កម្មវិធី «អ្នកជិតខាង» យាយតយ ដែលជាសមាជិកក្រុមកំប្លែងជាមួយតារាកំប្លែងនាយពាក់មី បានផ្តល់បទសម្ភាសន៍ថាមួយរយៈចុងក្រោយនេះមិនបានសម្តែងសិល្បៈបុរាណនោះទេ សម្តែងបានជាកំប្លែងហូរហែជាពិសេសជាមួយនឹងពូណុយ។ យាយតយ បានបន្តទាំងអួលដើមកកោតសរសើរនិងអរគុណទៅកាន់ ពូណុយ ដែលបានជួយខ្លួនមានតែពូណុយជួយទេឥឡូវនេះ ព្រោះតែខ្លួនចាស់គេមិនសូវហៅធ្វើការ។
ងាកទៅកាន់ ពូណុយ វិញបានបញ្ជាក់ពីមូលហេតុក្នុងការដែលហៅយាយតយមកសម្តែងព្រោះតែលោកធ្លាប់មើលវីដេអូកំប្លែងកន្លងមកហើយលោកក៏ជាហ្វេនយាយតយ ហើយមួយរយៈក្រោយលែងសូវឃើញមានកម្មវិធីដូចមុនលែងសូវថតដូចមុន ដូច្នេះលោកក៏បានទំនាក់ទំនងទៅតាមបណ្តាញសង្គមហ្វេកប៊ុកមានជាប់កុងត្រាជាមួយអ្នកណាឬអត់ដោយទទួលបានចម្លើយថា ទំនេរច្រើនមិនសូវមានអ្វីថតទេ។ តាមការបញ្ជាក់អ្នកទាំងពីរជាអ្នកជិតខាងគ្នាផងដែរ។
យាយតយ បានបញ្ជាក់ទៀតថា បច្ចុប្បន្នខ្លួនចំណាយច្រើនទៅលើការរស់នៅដូចជាថ្លៃការសិក្សារបស់ចៅ កូន រួមទាំងបំណុលធនាគារ។ បច្ចុប្បន្នក្រៅពីការសម្តែងកំប្លែង យាយតយ ក៏ច្រៀងកាត់សក់តាមពិធីមង្គលផងដែរ។
គួរបញ្ជាក់ផងដែរថា យាយតយ អាជីពការងារដំបូងជាអ្នកសម្តែងយីកេ និងល្ខោនបាសាក់នៅខេត្តកណ្តាលដោយមានការសិក្សាច្បាស់លាស់ហាត់តាំងពីអាយុ១២ឆ្នាំនៅទីនោះផ្ទាល់។ យាយតយ បានដាក់ពាក្យចូលរួមប្រកួតកំប្លែងក្នុងឆ្នាំ២០០៩ ៕