ព្រះរាជាណាចក្រកម្ពុជា ដែនដីអច្ឆរិយៈ ដែលបានបន្សល់ទុកសំណង់បុរាណនិងទីតាំងប្រវត្តិសាស្រ្តរាប់ពាន់កន្លែង។ ជាមួយគ្នានោះ ប្រាសាទចំនួន ២ ក្នុងខេត្តសៀមរាប បានជាប់ក្នុងបញ្ជីអច្ឆរិយៈសំណង់បុរាណទាំង៩ ប្រចាំតំបន់អាស៊ីអាគេ្នយ៍។
យោងតាមចេញផ្សាយរបស់គេហទំព័រ SEA Heritage and History បានបង្ហាញអំពីមហាសំណង់ស្ថាបត្យកម្មសម័យបុរាណចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះគឺមានតែប្រាសាទរបស់កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលត្រូវបានចាត់ថ្នាក់។
តាមរបាយការណ៍ ចំណាត់ថ្នាក់លេខ១ គឺប្រាសាទអង្គរវត្តខ្មែរ ស្ថាបត្យកម្មស.វទី១២ ដ៏ល្បីរន្ទឺ សាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។ លេខ២ គឺប្រាសាទ Borobudur ប្រទេសឥណ្ឌូណេស៊ី។ លេខ៣ គឺប្រាសាទ Prambanan ប្រទេសឥណ្ឌូណេស៊ី។ លេខ៤ គឺប្រាសាទបាយន្ត របស់កម្ពុជា។ លេខ ៥ ប្រាសាទ Ananda ប្រទេសមីយ៉ាន់ម៉ា។ លេខ ៦ ប្រាសាទ Chaiwatthanaram ប្រទេសថៃ។ លេខ ៧ ប្រាសាទ Shwedagon ប្រទេសមីយ៉ាន់ម៉ា។ លេខ ៨ ប្រាសាទ My Son ប្រទេសវៀតណាម។ និង ៩ វត្តប្រាសាទ Bai Dinh ប្រទេសវៀតណាម។
សូមជម្រាបថា ប្រាសាទអង្គរវត្តរបស់ខ្មែរគឺតែងតែបង្ហាញនូវភាពលេចធ្លោទាំងនៅក្នុងតំបន់និងពិភពលោក ដែលកាលពីពេលកន្លងទៅ ប្រាសាទអង្គរវត្តក៏ត្រូវបានចាត់ថ្នាក់ថាជាទីតាំងមើលថ្ងៃរះនិងថ្ងៃលិចបានស្អាតជាងគេលើលោកផងដែរ។ ទាំងនេះគឺឆ្លុះបញ្ចាំងអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានខិតខំព្យាយាមបន្សល់ទុកនូវកេរ្តិ៍មរកតដ៏មានតម្លៃដល់កូនចៅជំនាន់ក្រោយៗបានចងចាំនិងសិក្សាស្វែងយល់។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគ្រប់ៗរូប ត្រូវតែចូលរួមផ្សព្វផ្សាយ ថែរក្សានិងលើកតម្កើនសម្បត្តិវប្បធម៌ជាតិឲ្យបានខ្ជាប់ខ្ជួន៕










