ភូមិព្រះដាក់ គឺជាភូមិដ៏ល្បីល្បាញមួយស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាភូមិខ្មែរដ៏គំរូ ដោយសារពលរដ្ឋរស់នៅទីនេះប្រកបដោយភាពថ្លៃថ្នូរ តាមដងផ្លូវគ្មានសំរាមសូម្បីតែមួយ ហើយអ្នកភូមិរួសរាយរាក់ទាក់ ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។ ភូមិនេះបានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេក្នុងមួយឆ្នាំៗ គឺជាភូមិទេសចរណ៍ឆ្នើមប្រចាំខេត្តសៀមរាប និងជាភូមិដ៏គំរូមួយរបស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ-4hyHi8GPNlYj7ZoRhDTAYRlnPHFa8DQlJWnpmhyphenhyphenJmxFkv4pA_aZ93RcqfcY9glNoSwE1z1HAgYEQeXDxbns2zhUBnQTI6SH4udLfl2L1Dc4yvvx94dwG0YpQawbsR8CNMOPMO6An93Nz2SnUUpn_0NTeNFK_p3cROycwjy-0AxVcr9FkC_2LgZ-rz_9/s2048/image_2024-12-10_14-35-38.png
ភូមិព្រះដាក់ ជាភូមិដែលមានប្រវត្តិយូរយារណាស់មកហើយ ត្រូវបានកសាងឡើងប្រមាណជា ៣០០ ទៅ ៤០០ ឆ្នាំដែលភូមិនេះមានឈ្មោះផ្សេងៗគ្នាជាច្រើនទៅតាមជំនឿរឿងព្រេងនិទានរបស់អ្នករស់នៅទីនោះដូចជា ព្រះដាក់ បដាក ឬប្រដាកជាដើម។ ក្រៅពីសណ្តាប់ធ្នាប់ដ៏សែនល្អឥតខ្ចោះ មានរបៀបរៀបរយ មានអនាម័យខ្ពស់ ភូមិមួយនេះក៏ល្បីនៅមុខម្ហូប «នំបញ្ចុក» ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ ជាពិសេសការនិយាយសំនៀងរដឺនរបស់អ្នកស្រុក ក៏បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀជាតិ និងអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3qXSsMW_J0HFo-EtjcQALb4eWltON4UWcY7AG7hSYW81meZJcLSMsKjwH96OWs5-Y6S8C0k8tZgzi0AnAbwP-0pw2TI3aWzAx1jnTvcInpIFjvi2M-n_qazIYLeJyaRw3dTqhdxBNu_gzxPfryHWV46WXjWox6pubsiobC-B87unQs3u7Pz9jbQ2nBery/s2048/image_2024-12-10_14-35-40.png

ភូមិទេសចរណ៍ព្រះដាក់ គឺជាភូមិជនបទដ៏ទាក់ទាញបំផុត ដោយសារនៅតាមផ្ទះនីមួយៗ សុទ្ធតែមានធុងសំរាម និងមានរៀបចំសួនផ្កាលម្អអមដោយរុក្ខជាតិតូចធំជាច្រើនទៀត គួរជាទីចាប់អារម្មណ៍។ នៅតាមដងផ្លូវនៃភូមិ គ្មានសំរាម គ្មានក្លិនស្អុយ ដោយប្រជាជនបានផ្តល់តម្លៃយ៉ាងខ្លាំងទៅលើភាពស្អាត។ ដូច្នេះនៅពេលភ្ញៀវទេសចរបានទៅលេងភូមិមួយនេះ នឹងទទួលបានអារម្មណ៍ល្អបំផុតដែលមិនអាចបំភ្លេចបាន ដោយសារសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន រួមមានការធ្វើកសិកម្ម សប្បកម្ម ក៏ដូចជាលក់ដូរតាមផ្ទះបានបម្រើវិស័យទេសចរណ៍ ពិតជាបង្ហាញរូបភាពដ៏រស់រវើកនៃការរស់នៅដោយមានក្តីសុខ សុខដុមរមនាយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYHN1jKIWSnZmbL-8QFOSVqWITN9K6LlJAGFLhlTcKZkyM-W4h_0zHGK4MxOx6qBYP_H3vQIVGjqXDZS-DHTEFXkFfl-LrU3jI-XNjrqPi0Kiz3EQi-tN-OWnUpt8ARajyVZbt_NPQPilddgst7RcDqn-hEADInRUfB870cBY3qOjNuCYZgYNzHzRf-HTN/s2048/image_2024-12-10_14-35-41.png
ទោះបីភូមិព្រះដាក់ស្ថិតនៅទីជនបទក្តី ប៉ុន្តែភូមិនេះពិតជាមានស្តង់ដាររស់នៅប្រកបដោយផាសុកភាព ហើយក៏រក្សាបាននូវសភាពនៃភូមិបុរាណនៃដែនដីអង្គរដ៏ផូរផង់ អាចចាត់ទុកជាភូមិគំរូមួយសម្រាប់ភូមិដទៃទៀតនៅទូទាំងប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinxao0PXrbHC3qM7aDSk3oowwG2vkgS6bCOHD03PxVvX6xF0gL56YU6SoqnYT2pQK5otuavl_ISiZg6yFY_mCmhabYwWsdMkbrfkPgIqMK3c0fxQzfbiBNIMpCfah5mQzjeKyOP_X0TKD4gxbE8puIneyMyl53JyuS05HapUc25sbiutXoh82cOud00ofe/s2048/image_2024-12-10_14-35-43.png