ប្រទេសចិន ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីដើមខែធ្នូ ឆ្នាំ២០២៤ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន រួមទាំងក្រុមហ៊ុន Tesla និង BYD បានប្រជែងគ្នាបញ្ចុះតម្លៃដើម្បីលក់រថយន្តដាច់ច្រើននាចុងឆ្នាំ២០២៤ នៅប្រទេសចិន ។ នៅឆ្នាំ២០២៤ Tesla បានបញ្ចុះតម្លៃរថយន្តជាបន្តបន្ទាប់នៅចិន ហើយនៅខែធ្នូនេះ Tesla បានបញ្ចុះតម្លៃរហូតដល់ជាង១ពាន់ដុល្លារ ។
តាមការប្រកាសរបស់ Tesla នៅលើគេហទំព័រ Weibo គឺក្រុមហ៊ុននេះបានបញ្ចុះតម្លៃរថយន្តច្រើនបំផុត រហូតដល់១ម៉ឺនយាន់ (ឬស្មើ១,៣៨២ដុល្លារអាមេរិក) សម្រាប់រថយន្ត SUV ម៉ាក Model Y រហូតដល់ដាច់ខែធ្នូ ឆ្នាំ២០២៤ ។ រីឯក្រុមហ៊ុនគូប្រជែង គឺ BYD ក៏បានបញ្ចុះតម្លៃរថយន្តនៅចិនដែរ គឺចាប់ពី១,០០០យាន់ ទៅ៣,០០០យាន់ (ឬចាប់ពី១៣៨ដុល្លារ ទៅ៤១១ដុល្លារអាមេរិក) សម្រាប់រថយន្តមួយចំនួន ។
.png)
BYD បានលក់រថយន្តដាច់លើសគោលដៅ បន្ទាប់ពីក្រុមហ៊ុននេះទើបតែលក់រថយន្តបានច្រើនបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ គឺស្មើនឹង ៥០ម៉ឺន ៤ពាន់គ្រឿង កើនឡើង៦៧% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ ។
ការលក់រថយន្តអគ្គិសនី និងរថយន្ត Hybrid បានកើនឡើងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការយករថយន្តចាស់មកប្តូររថយន្តថ្មី ។ ទីផ្សារលក់រថយន្តនៅចិនបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ហើយមានក្រុមហ៊ុនជាច្រើនបានប្រកាសបញ្ចុះតម្លៃរថយន្តអគ្គិសនីនៅចុងឆ្នាំ២០២៤ ដើម្បីប្រជែងជាមួយ BYD ។
ក្រុមហ៊ុន Zhejiang Leap Motor Technology ដែលសហការជាមួយក្រុមហ៊ុន Stellantis របស់អាមេរិក បានសម្រេចគោលដៅប្រចាំប្រចាំឆ្នាំមុនកំណត់ ដោយលក់រថយន្តបានចំនួន៤០,១៦៩គ្រឿង នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដូច្នេះ វាធ្វើឱ្យចំនួនលក់រថយន្តសរុបរបស់ក្រុមហ៊ុន ចាប់ពីដើមឆ្នាំ២០២៤ កើនឡើងរហូតដល់ ២៥១,២០៧គ្រឿង ខណៈគោលដៅការលក់ត្រឹមតែ ២៥ម៉ឺនគ្រឿង ។

ចំណែកនាយកក្រុមហ៊ុន Xiaomi និយាយថា ក្រុមហ៊ុនបានលក់រថយន្តម៉ាក SU7 EV ស្មើជាង២ម៉ឺនគ្រឿង កាលពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៤ ។ លើសពីនេះ ក្រុមហ៊ុននឹងបង្កើនគោលដៅលក់រថយន្ត ចាប់ពី១២ម៉ឺនគ្រឿង ទៅ១៣ម៉ឺនគ្រឿង ។
ប៉ុន្តែក្រុមហ៊ុនរថយន្តផ្សេងទៀតនៅតែប្រឈមនឹងសម្ពាធ នាចុងឆ្នាំ២០២៤ ដូចជា ៖ រថយន្តអគ្គិសនីម៉ាក Zeekr របស់ក្រុមហ៊ុន Zhejiang Geili Holding Group លក់រថយន្តបានតែ ២ម៉ឺន ៧ពាន់គ្រឿងប៉ុណ្ណោះនៅខែវិច្ឆិកា ។ រីឯក្រុមហ៊ុន Li Auto បានលក់រថយន្តឱ្យអតិថិជន ស្មើជាង ៤៤ម៉ឺន ១ពាន់គ្រឿង នៅខែវិច្ឆិកា ហើយក្រុមហ៊ុនត្រូវបង្កើនការលក់រថយន្តឱ្យបាន៦ម៉ឺនគ្រឿងទៀតនៅខែធ្នូ ដើម្បីសម្រេចគោលដៅចំនួន៥០ម៉ឺនគ្រឿង ៕










