ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរខេត្តអាសាម ដែលស្ថិតនៅភាគឦសានប្រទេសឥណ្ឌា បានហាមឃាត់ពលរដ្ឋបរិភោគសាច់គោនៅទីសាធារណៈ និងភោជនីយដ្ឋាន ។ ការហាមឃាត់នេះកើតឡើងក្រោយពេលខេត្តអាសាម ហាមពលរដ្ឋលក់សាច់គោនៅជិតកន្លែងសាសនា នាពេលកន្លងមក ។
អាជ្ញាធរខេត្តអាសាម បានចេញសេចក្តីប្រកាសហាមពលរដ្ឋបរិភោគសាច់គោនៅទីសាធារណៈ ភោជនីយដ្ឋាន និងក្នុងកម្មវិធីផ្សេងៗ ប៉ុន្តែពលរដ្ឋអាចលក់សាច់គោនៅតាមហាងលក់ទំនិញ និងបរិភោគសាច់គោក្នុងលំនៅឋាន ឬកន្លែងផ្ទាល់ខ្លួនបាន ។
លោក ហ៊ីម៉ាន់តា ប៊ិស្វា សាម៉ា (Himanta Biswa Sarma) ថ្នាក់ដឹកនាំខេត្តអាសាម បាននិយាយកាលពីថ្ងៃទី៤ ខែធ្នូ កន្លងមកថា ការហាមឃាត់ពលរដ្ឋបរិភោគសាច់គោ គឺជាការអនុវត្តបន្តពីបម្រាមលក់សាច់គោនៅជិតកន្លែងសាសនា ដូចជា ៖ វត្តអារ៉ាម ។ ការបរិភោគសាច់គោ គឺជាបញ្ហារសើបនៅប្រទេសឥណ្ឌា ដោយសារពលរដ្ឋឥណ្ឌាចាត់ទុកថា គោ គឺជាសត្វស័ក្តិសិទ្ធិក្នុងសាសនាហិណ្ឌូ ហើយពលរដ្ឋឥណ្ឌា៨០% គោរពសាសនានេះ ។

ខេត្តជាច្រើនរបស់ឥណ្ឌាដែលគ្រប់គ្រងដោយគណបក្សជាតិនិយមរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី រួមទាំងខេត្តអាសាម ផងដែរ បានហាមឃាត់ការសម្លាប់សត្វគោ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។ លើសពីនេះ ខេត្ត២ ក្នុងចំណោម៣ នៅឥណ្ឌា បានហាមសម្លាប់ និងបរិភោគសាច់គោ ។ រីឯខេត្តអាសាម បានហាមទិញ-លក់សាច់គោក្នុងតំបន់អ្នកគោរពសាសនាហិណ្ឌូ និងសាសនាមួយចំនួនទៀត តាំងពីឆ្នាំ២០២១ មកម៉្លេះ ។

គណបក្សប្រឆាំងបានចោទប្រកាន់លោក ហ៊ីម៉ាន់តា ជាថ្នាក់ដឹកនាំខេត្តអាសាម ថា បម្រាមបរិភោគសាច់គោនេះ គឺជាវិធានការដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅទីក្រុងសាម៉ាកុរី ដែលពលរដ្ឋភាគច្រើនជាមូស្លីម ។ ដូចគ្នានេះ គណបក្សនយោបាយផ្សេងទៀតនៅរដ្ឋអាសាម ក៏បានរិះគន់បម្រាមរបស់លោក ហ៊ីម៉ាន់តា ថា គឺជាការបំពានសិទ្ធិពលរដ្ឋ ៕










