ផន ស្រីពី Miss Intercontinental Cambodia 2024 បានប្រឹងប្រែងអស់ពីទំហំចិត្តក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើទឹកដីអេហ្ស៊ីប ដោយបាននាំបេក្ខភាពប្រទេសផ្សេងៗទៀតជាច្រើនរាំលេងកម្សាន្តនៅលើទិកតុកទាំងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរ រួមទាំងបទរបស់ វណ្ណដា ផងដែរ។
នេះជាឆ្នាំដំបូងដែលលោកស្រី អ៊ឹម សុគន្ធា បានទិញសិទ្ធិកម្មវិធីបវរកញ្ញា Miss Intercontinental Cambodia 2024 ដើម្បីឱ្យលំដាប់រងចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ខណៈបានជ្រើសរើសបវរកញ្ញា ផន ស្រីពី លំដាប់ទី៥ នៃការប្រកួត Miss Grand Cambodia 2024 ។ ក្នុងរយៈពេលនៃការប្រកួតនៅលើទឹកដីប្រទេសអេហ្ស៊ីបអស់រយៈពេលជាច្រើនថ្ងៃមកនេះគេសង្កេតឃើញថាសន្ទុះការគាំទ្ររបស់ ស្រីពី ក្នុងការតំណាងប្រទេសកម្ពុជានៅមានកម្រិត។.png)
ដ្បិតថាមិនសូវទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្នុងស្រុក ប៉ុន្តែសម្រាប់ Miss Intercontinental Cambodia 2024 នៅតែមានស្នាមញញឹមប្រឹងប្រែងអស់ពីសមត្ថភាពសប្បាយៗជាមួយនឹងបេក្ខភាពផ្សេងទៀត។ ផន ស្រីពី បានធ្វើឱ្យអ្នកគាំទ្រសរសើរនោះគឺបានបបួលបេក្ខភាពប្រទេសផ្សេងទៀតរាំលេងកម្សាន្តបែបសប្បាយៗជាមួយនឹងចង្វាក់ប្រជាប្រិយខ្មែរចង្វាក់រាំវង់ជាដើម។
ស្រីពី ក៏បាននាំបវរកញ្ញាផ្សេងទៀតរាំបទ សង្គ្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា និងបទ ចង់បានប្តីបារាំង របស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត។ 
សកម្មភាពពីមួយទៅមួយគឺ ផន ស្រីពី តែងតែចែករំលែកភាពសប្បាយមានទំនាក់ទំនងជាមួយនឹងបេក្ខភាពផ្សេតក្នុងការតំណាងឱ្យប្រទេសកម្ពុជាបើទោះបីជាសន្ទុះការគាំទ្រក្នុងការតំណាងប្រទេសលើកទី១សម្រាប់នាងមិនទទួលបានភាពទូលំទូលាយក៏ដោយ។
គួរបញ្ជាក់ផងដែរថា ផន ស្រីពី បានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃទី១៧ ខែវិច្ឆិកា ខណៈថ្ងៃផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី Miss Intercontinental 2024 គឺនៅថ្ងៃទី៦ ខែធ្នូ នេះ៕










