តើលោកអ្នកកំពុងមានបញ្ហាដំណេកមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរាងកាយរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់ស្រួល និងស្កប់ស្កល់ លោកអ្នកអាចសាកល្បងវិធីងាយៗដូចជា៖
.png)
ពន្លត់ភ្លើង បិទអំពូល បិទវាំងនន បិទទូរស័ព្ទ ទូរទស្សន៍… កុំទុកឱ្យមានសល់ពន្លឺនៅក្នុងបន្ទប់គេងឱ្យសោះ និយាយរួមទៅ គឺអ្នកត្រូវគេងក្នុងទីងងឹតឈឹងតែម្តង ដែលការគេងបែបនេះនឹងធ្វើឱ្យអ្នកឆាប់ងងុយគេង និងគេងលក់យ៉ាងលឿនបំផុត។ ក្រៅពីការឆាប់ងងុយគេង និងគេងលក់លឿន ស្កប់ស្កល់ លោកអ្នកក៏នឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់ផងដែរ។ 
ការគេងក្នុងទីងងឹតគ្មានពន្លឺទាល់តែសោះ អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករអាំងស៊ូលីនឱ្យនៅនឹងល្អ ការពារជំងឺបេះដូង ធ្វើឱ្យភ្នែកមានសុខភាពល្អ បំបាត់ស្ត្រេស និងភាពតានតឹងយ៉ាងមានប្រសិទ្ធភាពបំផុត។ លើសពីនេះវាក៏បង្កើនការចងចាំ បង្កើនសមត្ថភាពការងារ ជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃតែម្តង។.png)
ក្រៅពីគេងក្នុងបន្ទប់ងងឹតឈឹងគ្មានពន្លឺទាល់តែសោះ លោកអ្នកក៏អាចអនុវត្តវិធីសាស្ត្រផ្សេងទៀតដែរដើម្បីជួយឱ្យគេងលក់ស្រួលជាងមុនដូចជា៖ ធ្វើសរសៃមុនសម្រាក ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។
ទន្ទឹមនឹងនេះការគេងស្រមើស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចនៅឋានសួគ៌មានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ ក៏អាចជួយឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងងាយក្នុងការគេងលក់បានយ៉ាងលឿនបំផុត៕










