កម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរ Miss Mera Cambodia បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ថាន រតនា MMC 12 ។ ទោះយ៉ាងណាសម្រាប់លទ្ធផលនេះអ្នកគាំទ្រមួយចំនួនហាក់មិនពេញចិត្តនឹងលទ្ធផលនេះចំណែកឯរូបភាពបេក្ខភាពផ្សេងទៀតមិនចូលរួមអបអរម្ចាស់មកុដធ្វើឱ្យមានភាពចម្រូងចម្រាសកើតឡើង។

នៅរាត្រីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៤ កម្មវិធីបវរកញ្ញាដែលទើបបង្កើតថ្មី Miss Mera Cambodia ក្រោមការដឹកនាំរបស់ ខាត់ ស្រីច័ន្ទ គឺរាត្រីផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីនេះដោយមានការចូលរួមពីភ្ញៀវកិត្តិយស គណៈកម្មការជាច្រើនចូលរួមក្នុងនោះក៏មាន ចន សុទីម៉ា សៃហ្វុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាដើម ខណៈការប្រកួតនេះមានបេក្ខភាពសរុបចំនួន១៥នាក់។ ទោះបីជារៀបចំឆ្នាំដំបូងក្តីតែកម្មវិធីនេះទទួលបានការសរសើរច្រើនអំពីការរៀបចំថាធ្វើបានល្អ រូបភាព វីដេអូចេញមកត្រជាក់ភ្នែក និងលឿនរហ័សជាទីគាប់ចិត្ត។
ទោះបីជាការមានការសរសើរច្រើនអំពីការរៀបចំប៉ុន្តែក្រឡេកទៅកាន់លទ្ធផលនៃការប្រកួតវិញហាក់ទទួលបាននូវភាពចម្រូងចម្រាសបន្តិចនៅក្នុងចំណោមអ្នកគាំទ្រ។ ទស្សនិកជនមួយចំនួនបានលើកឡើងថា បេក្ខនារី ថាន រតនា ជាម្ចាស់មកុដ មេរ៉ា នេះគឺពិតជាស័ក្តិសមហើយ ប៉ុន្តែមួយផ្នែកទៀតមិនពេញចិត្តចំពោះលទ្ធផលនេះឡើង។
TOP3 នៅក្នុងកម្មវិធីនេះគឺ ថាន រតនា MMC 12 ជាម្ចាស់មកុដ លីម ណារី MMC15 លំដាប់រងទី១ និង សូរ ពេជ្រវលក្ខណ៍ MMC 01 លំដាប់រងទី២។ ជាមួយនឹងការវែកញែកទៅលើលទ្ធផល ទស្សនិកជនមួយចំនួនក៏បានកត់សម្គាល់ឃើញថា ម្ចាស់ជ័យលាភី មិនសូវទទួលបានការអបអរពីមិត្តរួមក្រុមឡើយ។ 
យ៉ាងណាមិញ ទស្សនិកជនក៏បានលើកឡើងដែរថា លទ្ធផលផ្លូវការបានសម្រេចហើយដូច្នេះមានតែចូលរួមអបអរនិងលើកទឹកចិត្តទៅកាន់ម្ចាស់ជ័យលាភីវិញ៕










