កញ្ញា ហង្ស សុរិយាន់ TOP5 Miss Universe Cambodia 2024 ដែលជាគណៈកម្មការមួយរូបនៅក្នុងការប្រកួត Miss Planet International 2024 បានបង្ហោះលទ្ធផល TOP10+1 នៅលើគណនី IG ដោយមានឈ្មោះប្រទេសប្រេស៊ីល ប៉ុន្តែជាក់ស្តែងការប្រកួតមិនមានបានធ្វើឱ្យផ្ទុះការវែកញែកយ៉ាងខ្លាំងសូម្បី Isabella Miss Grand International 2022 ក៏ចែកចាយបន្តនិងទាមទារការបកស្រាយសម្រាប់ប្រទេសនាង។ ទស្សនិកជនជាច្រើនបានរិះគន់ ហង្ស សុរិយាន់ ថាជាមនុស្សនាំភ្លើង ខណៈនាងបានចេញមុខបកស្រាយថាជាលទ្ធផលមិនផ្លូវការ។
ដើមចមដំបូងនៃរឿងនេះបានកើតឡើងបន្ទាប់ពី ហង្ស សុរិយាន់ បានបង្ហោះលទ្ធផលនៃការប្រកួត Miss Planet International ក្នុងវគ្គ TOP10+1 ដោយមានឈ្មោះប្រទេសប្រេស៊ីលក្នុងលទ្ធផលនោះប៉ុន្តែជាក់ស្តែងនៃការប្រកួតថ្ងៃផ្តាច់ព្រ័ត្រពុំមានឈ្មោះប្រទេសប្រេស៊ីលនោះទេ។ ការបង្ហោះរបស់ ហង្ស សុរិយាន់ ក្នុងពេលការប្រកួតបញ្ចប់ទៅហើយនេះបានបង្កឱ្យផ្ទុះពេញប្រព័ន្ធអ៊ីនធឺណិតនៅពេលអ្នកតំណាងប្រទេសប្រេស៊ីលបានយកទៅចែករំលែកបន្តដោយចង់ឱ្យមានការបកស្រាយពីម្ចាស់កម្មវិធីប្រកួត និងបានបញ្ជាក់ពីតួនាទីរបស់ សុរិយាន់ ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី។

រឿងហេតុមិនទាន់អស់នោះទេហើយកាន់តែរីកធំនៅពេលដែលម្ចាស់ជ័យលាភី Miss Grand International 2022 កញ្ញា Isabella បានចែករំលែកបន្តពី Miss Planet Brazil 2024 និងទាមទារការពន្យល់ទៅដល់ប្រទេសរបស់ពួកគេ។
បន្ទាប់ពីរឿងនេះបានរីករាលដាលខ្លាំងទៅៗ ហង្ស សុរិយាន់ បានចេញវីដេអូបកស្រាយពីការបង្ហោះរបស់ខ្លួនថាលទ្ធផលនោះមិនផ្លូវការ។
TOP5 Miss Universe Cambodia 2024 បាននិយាយថា មានការយល់ច្រឡំទៅកាន់ការប្រកួត Miss Planet International ហើយការបង្ហោះរបស់នាងគឺជាក្រដាសព្រៀងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានឈ្មោះប្រទេសប្រេស៊ីល ដោយប្រដាសដាក់ពិន្ទុរួចរាល់នាងមិនអាចបង្ហោះបានទេ។ ក្នុងនោះ ហង្ស សុរិយាន់ បានបញ្ជាក់ថាការដាក់ពិន្ទុថ្ងៃ Final គឺដាក់ភ្លាមៗទៅលើសកម្មភាពជាក់ស្តែងរបស់បវរកញ្ញាខណៈកម្មការគឺមកពីស្ថាប័នផ្សេងៗគ្នាជាច្រើនហើយ វគ្គ TOP10+1 ពុំមានឈ្មោះប្រទេសប្រេស៊ីលនោះទេដោយសុំឱ្យទទួលស្គាល់ការពិត។ ហង្ស សុរិយាន់ អះអាងថានាងគ្មានចេតនាបង្កជម្លោះរវាងបវរកញ្ញានិងស្ថាប័ននោះទេ។
ការបង្ហោះរបស់ ហង្ស សុរិយាន់ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់ថានាងជាមនុស្សនាំភ្លើង ស្របពេលវីដេអូចេញបកស្រាយរបស់នាងបាត់ចេញពីបណ្តាញសង្គមមិនឃើញទៀតឡើយ៕










