យោងតាមប្រភពពីគេហទំព័រ Sina កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឱ្យដឹងថាការបង្ហោះជាសាធារណៈរបស់តារាសម្តែង Huang Xiaoming អំពីគូស្នេហ៍របស់ខ្លួនគឺតារាម៉ូដែល Ye Ke មិនត្រូវបានបង្ហាញនៅលើ Weibo ទៀតទេ។ ការផ្លាស់ប្តូររបស់ Xiaoming បានក្លាយជាប្រធានបទដ៏ពេញនិយមបំផុតនៅលើបណ្តាញសង្គមចិនដោយទាក់ទាញមតិរាប់ម៉ឺននាក់។
នៅថ្ងៃទី១៩ ខែកញ្ញា Huang Xiaoming បានបង្ហោះភ្ជាប់ទៅនឹងគណនីផ្ទាល់ខ្លួនរបស់ Ye Ke ដោយលោកបានសរសេរថា «សូមឈប់ស្មានទៅ Ye Ke និងខ្ញុំ នៅជាមួយគ្នា»។ មនុស្សជាច្រើនស្មានថាតារាប្រុសបានបែកគ្នាជាមួយមិត្តស្រី Ye Ke ហើយអ្នកខ្លះទៀតជឿថាតារាម៉ូដែលរូបនេះមិនបានប្រើបណ្ដាញសង្គមទេ ដូច្នេះហើយ Huang Xiaoming ក៏បានលុបការបង្ហោះជាមួយនាងនៅលើវេទិកា ខណៈតារាសម្ដែងរូបនេះមិនបានឆ្លើយតបចំពោះហេតុការណ៍នេះទេ។
បើយោងតាមប្រភពពីគេហទំព័រ Sohu កេរ្តិ៍ឈ្មោះរបស់ Xiaoming ត្រូវបានប៉ះពាល់អវិជ្ជមាន ចាប់តាំងពីតារាសម្តែងរូបនេះបានស្រលាញ់តារាម៉ូដែលជាសាធារណៈ។ រយៈពេលជាង២ខែមកនេះ មានមតិរាប់មិនអស់ បានចំអកឱ្យតារាប្រុសរូបនេះជ្រើសរើសគូខុស និងចាញ់បោកលុយ Ye Ke។ ទស្សនិកជនភាគច្រើនមិនបានគាំទ្រនាងជាគូស្នេហ៍តារាប្រុសរូបនេះដោយបានវាយប្រហារនាងថា «ក្លែងក្លាយ រំខាន យកកេរ្តិ៍ឈ្មោះមិត្តប្រុសទៅលក់ទំនិញ» ។ 
កាលពីថ្ងៃទី១១ ខែវិច្ឆិកា គណនីផ្សាយផ្ទាល់របស់ Yaoguai បាននិយាយថា ប្រសិនបើ Ye Ke មិនដកខ្លួនចេញពីបណ្តាញសង្គមទេ លោកនឹងបង្ហាញជាសាធារណៈនូវព័ស្ដុតាងដែលថានាងបានចំណាយលុយដើម្បី «បិទបាំង» អតីតស្វាមីអំពីរឿង «មិនស្អាត» របស់នាង។ នៅថ្ងៃទី២០ ខែវិច្ឆិកា តារាម៉ូដែលរូបនេះបានសូមទោសចំពោះ «ការខ្វះខាតជាច្រើន» បាននិយាយថា នាងបានដកខ្លួនចេញពីបណ្តាញសង្គមហើយបានលុបគណនីផ្ទាល់ខ្លួនទាំងអស់។ 
ក្នុងកម្មវិធីផ្សព្វផ្សាយរឿងថ្មីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា Xiaoming បានសូមទោសទស្សនិកជនជាសាធារណៈចំពោះស្នេហារបស់លោកដែលបានជះឥទ្ធិពលអវិជ្ជមានលើបណ្តាញសង្គម៕










