សហគ្រិនគ្រីបតូមួយរូបដែលបានទិញវត្ថុសិល្បៈជាមួយនឹងគំនិតសាមញ្ញមួយ ចេកមួយផ្លែបិទជាប់នឹងជញ្ជាំងក្នុងតម្លៃ ៦.២លានដុល្លារកាលពីសប្តាហ៍មុនបានញ៉ាំផ្លែចេកដែលបានពីការដេញថ្លៃនេះហើយកាលពីថ្ងៃទី២៩ វិច្ឆិកា នេះ។ សហគ្រិនជាជនជាតិចិន Justin Sun បានបកសំបកនិងរីករាយជាមួយចេកនៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅ The Peninsula Hong Kong ដែលជាសណ្ឋាគារដ៏មានតម្លៃបំផុតមួយរបស់ទីក្រុង។
មហាសេដ្ឋីគ្រីបតូរូបនេះបានញុំាផ្លែចេកនេះរួចហើយលាន់មាត់ថា «វាមានរសជាតិឆ្ងាញ់ជាងចេកដទៃ។ ពិតជាល្អណាស់»។ មានចំណងជើងថា Comedian ស្នាដៃគំនិតដែលបង្កើតឡើងដោយវិចិត្រករជនជាតិអ៊ីតាលី Maurizio Cattelan ត្រូវបានលក់នៅឯការដេញថ្លៃ Sotheby’s ក្នុងទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ដោយមានលោក Justin Sun ក្នុងចំណោមអ្នកដេញថ្លៃទាំង៧នាក់។
សហគ្រិនរូបនេះបាននិយាយថាលោកមានអារម្មណ៍ថា «មិនជឿ» ក្នុងរយៈពេល ១០ វិនាទីដំបូងបន្ទាប់ពីលោកបានឈ្នះការដេញថ្លៃ មុនពេលដឹងថា «នេះអាចក្លាយជារឿងធំ»។ ក្នុងរយៈពេល ១០ វិនាទីក្រោយមកលោកបានសម្រេចចិត្តថាលោកនឹងញ៉ាំចេក។
.png)
Justin Sun បាននិយាយកាលពីថ្ងៃសុក្រ ថា៖ «ការញ៉ាំវាក្នុងសន្និសីទសារព័ត៌មានក៏អាចក្លាយជាផ្នែកមួយនៃប្រវត្តិការងារសិល្បៈផងដែរ»។.png)
ការបង្ហាញដំបូងនៃការបង្កើតដែលអាចបរិភោគបាននៅឯកម្មវិធី Art Basel ឆ្នាំ ២០១៩នៅ Miami Beach បានបង្កឱ្យមានភាពចម្រូងចម្រាស និងបានចោទជាសំណួរអំពីថាតើវាគួរត្រូវបានចាត់ទុកថាជាសិល្បៈដែរឬទេ។ មហាសេដ្ឋីគ្រីបតូបាននិយាយថា «វត្ថុ និងគំនិតភាគច្រើនរបស់វាមានដូចជា (កម្មសិទ្ធិបញ្ញា) និងនៅលើអ៊ីនធឺណិត ផ្ទុយពីអ្វីដែលមានរូបរាងកាយ» ។នៅពេលនោះលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណែកនេះ «តំណាងឱ្យបាតុភូតវប្បធម៌ដែលភ្ជាប់ពិភពសិល្បៈ អនុស្សាវរីយ៍ និងសហគមន៍រូបិយប័ណ្ណ» ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ អ្នកជំនួញគ្រីបតូរូបនេះត្រូវបានចោទប្រកាន់ដោយគណៈកម្មការមូលបត្រអាម៉េរិក ពីបទក្លែងបន្លំ និងការបំពានច្បាប់មូលបត្រផ្សេងទៀតទាក់ទងនឹងគម្រោងគ្រីបតូរបស់លោកឈ្មោះ Tron ៕










