ឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក ដែលជាតារាកំប្លែងដ៏មានឈ្មោះបោះសំឡេងប្រចាំប្រទេសបានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «ចង់ល្បី» ធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បទនេះគឺចាក់ដោតខ្លាំង ដាក់ចំកណ្តាលមុខអ្នកចង់ល្បីមួយចំនួនមិនគិតពីកិត្តិយស ភាពអៀនខ្មាសសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីតែភាពល្បីល្បាញតែមួយមុខ។

នៅថ្ងៃទី២០ ខែវិច្ឆិកា នៅលើបណ្តាញសង្គមតារាកំប្លែង នាយឃ្លោក ដែលមានងារជាឧកញ៉ា បានទម្លាក់បទចម្រៀង«ចង់ល្បី»និពន្ធនិងបកស្រាយដោយខ្លួនឯងផ្ទាល់។ មិនមែនជាប្រភេទបទស្នេហា ឬបទប្រភេទរ៉េប ប៉ុន្តែមួយបទនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនមិនធម្មតាដោយតែអត្ថន័យស៊ីជម្រៅមួយបទនេះទៅលើស្ថានភាពសង្គមសព្វថ្ងៃ។
«ចង់ល្បី» បាននិយាយអំពីអ្នកមួយចំនួនធ្វើឆ្កួត ធ្វើជា ស៊ីស្មៅ ស៊ីដង្កូវ ព្រោះតែមានពាក្យថាចង់ល្បី មិនស្តាប់បង្គាប់ឪពុកម្តាយ ចំណែកអ្នកខ្លះទៀតធ្វើលែងលះប្តីប្រពន្ធ ដៀមដាមជេរធ្ងន់ៗមានអ្នកចូលមើលចូលស្តាប់ មិនខំប្រឹងរកស៊ីគិតតែមើលទូរសព្ទ អាណិតអ្នកមានទ្រព្យទាំងខ្លួនឯងស្ទើរតែដាច់បាយ។ ក្នុងអត្ថន័យបទនេះក៏បានលើកឡើងអំពីការចង់ដឹងរឿងគេ និយាយល្អមិនមានអ្នកស្តាប់ ប៉ុន្តែអាក្រក់ប្រឹងឈោងចាប់ធ្វើត្រាប់តាមគេធ្វើខុសអាងសូមទោសចង់ល្បីដោយការជេរគេ។

មួយបទនេះរបស់ឧកញ៉ា ឃ្លោក បានទាក់ទាញអារម្មណ៍មហាជនយ៉ាងច្រើនមានការស្តាប់ជាង១.៤លានដង និងការចុចLike រាប់ម៉ឺននាក់។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា បទនេះត្រូវនឹងសង្គមសព្វថ្ងៃ៕










