Mansa Musa គឺជាស្តេចដែលគ្រប់គ្រងចក្រភពម៉ាលីនៅសតវត្សទី ១៤ ជាមួយទ្រពសម្បត្តិ ៤០០ ពាន់លានដុល្លារអាមេរិកត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលចំនួនទ្រពសម្បត្តិនេះគឺលើសពីមហាសេដ្ឋីនាពេលបច្ចុប្បន្នដូចជា Elon Musk និង Jeff Bezos ទៅទៀត។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មានមនុស្សតិចណាស់ដែលអាចឈានដល់ចំណុចកំពូលនៃទ្រព្យសម្បត្តិ ដូចជាស្តេច Mansa Musa។ ក្រៅពីមានទ្រពសម្បត្តិច្រើនលើសលប់គ្មានអ្នកប្រៀបផ្ទឹមបាន ស្តេចមួយអង្គនេះក៏មានប្រវត្តិសាស្ត្រជ្រាលជ្រៅផងដែរ។.png)
Mansa Musa កើតនៅឆ្នាំ ១២៨០ មកពីគ្រួសារដ៏មានឥទ្ធិពលមួយនៅក្នុងចក្រភពម៉ាលី។ នៅឆ្នាំ ១៣១២ គាត់បានឡើងសោយរាជ្យ មានតួនាទីជាអ្នកគ្រប់គ្រងប្រទេសជាតិ បានចាប់ផ្តើមពង្រីកទឹកដីរបស់គាត់ ដោយបញ្ចូលទីក្រុងរាប់សិប រួមមានផ្នែកខ្លះនៃបួគីណាហ្វាសូ កូតឌីវ័រ ហ្គាំប៊ី ហ្គីណេ ម៉ាលី នីហ្សេរីយ៉ា និងសេណេហ្គាល់ ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេសមាស និងអំបិល។ ធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេសមាស គឺស្មើនឹងពាក់កណ្តាលនៃមាសរបស់ពិភពលោកនៅពេលនោះ ហើយតម្លៃទ្រព្យសម្បត្តិរបស់ Mansa Musa ក៏បានកើនឡើងយ៉ាងឆាប់រហ័សបំផុត។ 
មិនយូរប៉ុន្មានកេរ្តិ៍ឈ្មោះរបស់ស្តេចមួយអង្គនេះ សម្រាប់ទ្រព្យសម្បត្តិក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយក្នុងឆ្នាំ ១៣២៤។ ទ្រព្យសម្បត្តិរបស់គាត់មានច្រើនយ៉ាងនេះគឺទាក់ទងនឹងធនធានធម្មជាតិ រួមជាមួយឥទ្ធិពលនយោបាយ។ ទោះបីមកដល់ពេលបច្ចុប្បន្នទ្រពសម្បត្តិសុទ្ធរបស់គាត់នៅតែគ្មានអ្នកអាចប្រជែងបាន។ ស្តេចម៉ាលី មិនត្រឹមតែជាសេដ្ឋីមានជាងគេបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាអ្នកមានចក្ខុ ដែលចេះប្រើប្រាស់ទ្រព្យសម្បត្តិ ដើម្បីបន្សល់ទុកនូវមរតកដ៏ធំធេងសម្រាប់កូនចៅជំនាន់ក្រោយទៀតផង។.png)
គួរបញ្ជាក់ដែរថា ស្តេច Mansa Musa បានបន្សល់ទុកស្នាដៃជាច្រើនដូចជា វិហារអ៊ីស្លាម Djinguereber ដ៏ល្បីល្បាញនៅក្នុងទីក្រុង Timbuktu ដែលវិហារនេះក៏បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងការសិក្សារបស់ប្រទេសម៉ាលី ដែលទាក់ទាញអ្នកប្រាជ្ញ កវី និងសិល្បករមកពីគ្រប់ទិសទី។ សាកលវិទ្យាល័យ និងបណ្ណាល័យដែលគាត់បានផ្តល់មូលនិធិនៅ Timbuktu មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍន៍ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតការទាក់ទាញដ៏អស្ចារ្យសម្រាប់អ្នកដែលចង់ដឹងចង់ឃើញអំពីនគរដ៏ប្រណីត និងអ្នកមាននៅក្នុងទ្វីបអាហ្រ្វិក៕










