ប្រទេសកូស្តារីកា ៖ បើយើងធ្វើដំណើរទៅក្បែរតំបន់ទេសចរណ៍ឈ្មោះ «រីគ្រីអូ វឺដេ» ស្ថិតនៅតំបន់វែណាក់សៀ រដ្ឋសាខាឡូស ប្រទេសកូស្តារីកា (Costa Rica នៅតំបន់អាមេរិកកណ្តាល) យើងនឹងឃើញល្អាងតូចមួយឈ្មោះ «ល្អាងមរណៈ» ។ ការដាក់ឈ្មោះល្អាងបែបនេះ ដោយសារមនុស្ស ឬសត្វ ដែលចូលទៅផ្នែកខាងក្នុងហើយ នឹងគ្មានឱកាសបានចេញក្រៅវិញទេ ។.png)
ឈ្មោះជាផ្លូវការរបស់ល្អាង គឺ «La Cueva de la Muerte» និងស្ថិតនៅក្បែរភ្នំភ្លើង ដែលជម្រៅល្អាងស្មើត្រឹមតែ២ម៉ែត្រ និងប្រវែង៣ម៉ែត្រប៉ុណ្ណោះ ។ ល្អាងនេះមានសភាពដូចរណ្តៅដីលាក់ខ្លួនតូចៗ និងស័ក្តិសមសម្រាប់សត្វល្អិត ឬសត្វស្លាបដែលស្វែងរកទីជម្រក ។ ប៉ុន្តែដោយសារលក្ខណៈខាងក្រៅរបស់ល្អាង ទើបអាចអូសទាញមនុស្ស និងសត្វឱ្យចូលទៅផ្នែកក្នុង រួចហើយនឹងស្លាប់ភ្លាម បើទោះមើលដោយភ្នែកទទេឃើញថា វាគ្មានគ្រោះថ្នាក់ក្តី ។
មនុស្សភាគច្រើនសួរថា តើផ្នែកខាងក្នុងល្អាងមរណៈមានសត្វពស់មានពិស ឬសត្វសាហាវផ្សេងៗ មែនទេ? ចម្លើយ គឺក្នុងល្អាងគ្មានសត្វសាហាវទេ ប៉ុន្តែវាពោរពេញទៅដោយឧស្ម័នកាបូនឌីអុកស៊ីត គ្មានពណ៌ គ្មានក្លិន ប៉ុន្តែមានជាតិពុលយ៉ាងខ្លាំង ។ ហេតុនេះ ក៏មានការសាកល្បងដើម្បីឱ្យដឹងថា តើល្អាងនេះគ្រោះថ្នាក់ខ្លាំងកម្រិតណា ។.png)
មគ្គុទ្ទេសក៍ទេសចរម្នាក់បានយកដុំភ្លើងបោះចូលក្នុងល្អាង បន្ទាប់មក ដុំភ្លើងក៏រលត់ភ្លាមៗដោយសារគ្មានអុកស៊ីសែន និងមានតែឧស្ម័នកាបូនឌីអុកស៊ីតយ៉ាងច្រើនប៉ុណ្ណោះ ។ គ្មានអ្នកជំនាញណាម្នាក់អាចបកស្រាយបានថា តើឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងល្អាងមរណៈមានប្រភពពីណាទេ ប៉ុន្តែអ្នកជំនាញសន្និដ្ឋានថា វាកើតឡើងដោយសារការប្រមូលផ្តុំសារធាតុរ៉ែ ដែលស្ថិតក្រោមសីតុណ្ហភាព និងកម្លាំងសម្ពាធខ្ពស់របស់ថ្មលើពិភពលោក ។

ទីតាំងរបស់ល្អាងស្ថិតនៅក្បែរបរិវេណភ្នំភ្លើងដែលកំពុងតែឆេះ ហើយល្អាងនេះអាចពាក់ព័ន្ធជាមួយឧស្ម័នចេញពីភ្នំភ្លើង ។ អ្នកជំនាញរកឃើញថា ល្អាងអាចផលិតឧស្ម័នកាបូនឌីអុកស៊ីត ស្មើប្រមាណ៣០គីឡូក្រាមក្នុង១ម៉ោង ។ គេបានប្រទះឃើញល្អាងដោយចៃដន្យ ក្នុងពេលបង្កើតតំបន់ទេសចរណ៍ «រីគ្រីអូ វឺដេ» គឺកម្មករម្នាក់បានដើរមកក្បែរល្អាងនេះ ហើយមិនស្រួលខ្លួន ។ ក្រោយមក ក៏មានការត្រួតពិនិត្យល្អាងយ៉ាងលម្អិត ។
នៅផ្នែកខាងមុខល្អាង គឺមានស្លាកហាមភ្ញៀវទេសចរចូលទៅខាងក្នុង ហើយគ្មានភ្ញៀវទេសចរណាចង់ចូលទេ ដោយសារមាត់ល្អាងតូច និងចង្អៀតខ្លាំង ។ បរិមាណឧស្ម័នកាបូនឌីអុកស៊ីតពី៨០% ទៅ៩០% បានប្រមូលផ្តុំនៅផ្នែកខាងក្រោយល្អាង និងបង្កគ្រោះថ្នាក់ដោយសត្វស្លាបយ៉ាងច្រើន ដូចជា ៖ ពិបាកដកដង្ហើម ។ រីឯផ្នែកខាងលើរបស់ល្អាងមានអុកស៊ីសែនតិចតួច ប៉ុន្តែពុំគ្រប់គ្រាន់សម្រាប់ការដកដង្ហើមរបស់មនុស្ស ឬសត្វទេ ៕










