សហរដ្ឋអាមេរិក៖ Elon Musk ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក បច្ចុប្បន្នបានកំពុងប្រឡូកចូលក្នុងឆាកនយោបាយ ទំនងជាអាចទទួលបានការងារជាលេខា ឬទីប្រឹក្សានៅក្នុងរដ្ឋបាលរបស់ Trump នៅពេល Trump ចូលកាន់តំណែងនៅដើមឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ Euro News។
ប្រសិនបើ Elon Musk ចូលកាន់តំណែងក្នុងរដ្ឋបាលរបស់ Trump ពិតមែនលោកនឹងទទួលខុសត្រូវនូវការងារនយោបាយមួយចំនួនដូចជា ដោះស្រាយជម្លោះនៃបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិកឱ្យរីកចម្រើនតទៅមុខ។ ទោះជាយ៉ាងណាមានសំនួរមួយចោតសួរថា ប្រសិនបើមហាសេដ្ឋីរូបនេះបានកាន់តំណែងជាទីប្រឹក្សា តើវាអាចប៉ះពាល់ការងារផ្ទាល់ខ្លួនរបស់លោកដែរឬទេ? ខណៈលោកក៏ជានាយកប្រតិបត្តិ Tesla, SpaceX និងបណ្តាញសង្គម X ផងដែរ។ 
យោងតាមនាយកប្រតិបត្តិសហភាពអឺរ៉ុប បាននិយាយថា ប្រសិនបើ Elon Musk ចូលកាន់តំណែងក្នុងរដ្ឋបាលរបស់ Trump ពិតមែននោះ វាមិនប៉ះពាល់ដល់ការងារឯកជនរបស់លោកទេ។ នេះមានន័យថា ការងារនយោបាយនឹងមិនប៉ះពាល់ដល់ការងារផ្ទាល់ខ្លួនរបស់ Elon Musk ឡើយ។ គួររំលឹកដែរថា កាលពីខែសីហា លោក Donald Trump បាននិយាយថា លោកនឹងដាក់ឈ្មោះ Elon Musk ជាគណៈរដ្ឋមន្ត្រី ឬតួនាទីប្រឹក្សា ប្រសិនបើលោកជាប់ឆ្នោត ដោយបន្ថែមថា Musk គឺជា “បុរសដ៏អស្ចារ្យ” ។ 
Musk គឺជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Trump ទោះបីជាយ៉ាងនេះក្តីការតែងតាំង Elon Musk ជាទីប្រឹក្សាមិនទាន់ជាផ្លូវការនោះទេ ហើយមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏មិនទាន់ដឹងថា លោកនឹងទទួលយកតំណែងនេះឬយ៉ាងណានោះទេ៕










