ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន គឺជាទីក្រុងដែលមានទំហំធំជាងគេនៅលើផែនដី លាតសន្ធឹងលើផ្ទៃដីចំនួន ១៣,៤៥២ គីឡូម៉ែត្រក្រឡា ដែលមានមនុស្សរស់នៅប្រមាណ ៣៧.៤ លាននាក់ ដែលចំនួននេះលើសពីចំនួនប្រជាជនទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៤ ដងឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ Science Focus។ តូក្យូគឺជារដ្ឋធានីរបស់ប្រទេសជប៉ុននិងជាចំណុចស្នូលនៃតំបន់សេដ្ឋកិច្ច នយោបាយ និងវប្បធម៌។
វាមិនត្រឹមតែជាទីក្រុងដ៏ធំទំនើប សម្បូរដោយអគារថ្មីៗប៉ុណ្ណោះទេ ថែមទាំងមានប្រវត្តិសាស្ត្រសម្បូរបែប រួមទាំងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ និងជាទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋធានីនៃប្រទេសជប៉ុន មានភាពល្បីល្បាញដោយសារសិល្បៈរស់រវើក និងកន្លែងកម្សាន្ត។ ពីសារមន្ទីរលំដាប់ថ្នាក់ពិភពលោកដូចជាសារមន្ទីរ Mori Art រហូតដល់សួនកម្សាន្តដ៏មមាញឹកដូចជា Tokyo Disneyland និង DisneySea ដែលវាតែងតែទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក។ 
ក្រៅពីទីក្រុងតូក្យូ ដែលជាទីក្រុងធំជាងគេរបស់ពិភពលោក ទីក្រុងដេលីប្រទេសឥណ្ឌា ក៏ត្រូវបានគេចាត់ទុកថា ជាទីក្រុងធំជាងគេទីពីរលើលោកផងដែរ ដោយមានប្រជាជនរស់នៅប្រមាណ ២៩.៣ លាននាក់។ ទីក្រុងនេះមានអាយុកាលជាង ២,០០០ ឆ្នាំមកហើយ ដែលនាំមកនូវហេដ្ឋារចនាសម្ព័ន្ធហួសសម័យ ទោះបីជាមានគម្រោងសាងសង់ផ្លូវថ្មីៗជាច្រើនក៏ដោយ។ ដូច្នេះរហូតមកដល់បច្ចុប្បន្ន ទីក្រុងដេលីនៅតែជាទីក្រុងបុរាណ គ្មានស្តង់ដារ និងជាទីក្រុងដែលមានប្រជាជនក្រីក្ររស់នៅច្រើនជាងគេផងដែរ។
នេះបើយោងតាម Science Focus ទីក្រុងដែលមានទំហំធំជាងគេ និងមានប្រជាជនច្រើនជាងគេទីបីរបស់ពិភពលោក គឺបានទៅលើទីក្រុងសៀងហៃ ប្រទេសចិន ជាមួយចំនួនប្រជាជន ២៦.៣ លាននាក់។ សៀងហៃជាទីក្រុងមួយដែលមានភាពមមាញឹកបំផុតក្នុងពិភពលោក ដោយសារទីតាំងរបស់វានៅភាគខាងត្បូងនៃទន្លេ Yangtze វាបានក្លាយជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាទីក្រុងធំជាងគេទីបីនៅលើពិភពលោក៕










