សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋអាមេរិកបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន ដែលជាការប្រកួតប្រជែងរបស់បេក្ខជនមកពីគណបក្សធំៗ គឺលោក Donald Trump គណបក្ស Republican និងលោកស្រី Kamala Harris គណបក្ស Democrat ។ តើបេក្ខជនរូបណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសមហាអំណាច ទី១ លើពិភពលោក?
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ពុំមែនពលរដ្ឋបោះឆ្នោតដោយផ្ទាល់ទេ គឺតាមរយៈតំណាងបោះឆ្នោតក្នុងរដ្ឋនីមួយៗ ។ នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋជាច្រើនរបស់អាមេរិកចាប់ផ្តើមបើកហិបឆ្នោត ដូចជា ៖ រដ្ឋ Kentucky, រដ្ឋ Indiana, រដ្ឋ South Carolina, រដ្ឋ Vermont, រដ្ឋ Virginia និងរដ្ឋ Swing ហើយលោក Donald Trump និងលោកស្រី Kamala Harris ទទួលបានសំឡេងនាំមុខ ។
លទ្ធផលបោះឆ្នោតបឋម គឺពលរដ្ឋរស់នៅរដ្ឋ Indiana និងរដ្ឋ Kentucky បានបោះឆ្នោតគាំទ្រលោក Trump ។ រីឯពលរដ្ឋរស់នៅរដ្ឋ Vermont បានបោះឆ្នោតគាំទ្រលោកស្រី Harris ហើយលទ្ធផលបោះឆ្នោតឆ្នាំ២០២៤នេះ គឺដូចគ្នានឹងលទ្ធផលបោះឆ្នោតនាពេលកន្លងមក ។
ការរាប់សន្លឹកឆ្នោតរបស់អាមេរិក នៅថ្ងៃទី៦ ខែវិច្ឆិកា (ពេលវេលាប្រទេសកម្ពុជា) គឺលោក Trump ទទួលបានសំឡេងឆ្នោតខ្ពស់ជាងលោកស្រី Harris ។ ហេតុនេះ អ្នកទទួលបានសំឡេងឆ្នោតរហូតដល់២៧០សំឡេង នឹងក្លាយជាប្រធានាធិបតីថ្មីអាមេរិក ។
លោក Trump ធ្លាប់បាននិយាយវាយប្រហារលោកស្រី Harris ខ្លាំងៗ ហើយលោកនិយាយទៅកាន់ក្រុមអ្នកគាំទ្រថា លោកនឹងឈ្នះឆ្នោតលើកនេះ ។ ក្រោយជាប់ឆ្នោត លោកនឹងអនុវត្តទោសប្រហារជីវិតជនអន្តោប្រវេសន៍ ដែលសម្លាប់សមត្ថកិច្ច និងពលរដ្ឋអាមេរិក ។ លើសពីនេះ លោកនឹងជួយកាត់បន្ថយពន្ធនៅអាមេរិក និងអត្រាអតិផរណា, បញ្ចុះតម្លៃទំនិញ, ដំឡើងប្រាក់ខែពលរដ្ឋ និងទាក់ទាញឱ្យមានការសាងសង់រោងចក្ររាប់ពាន់បន្ថែមទៀត ។ 
នៅថ្ងៃរកសំឡេងឆ្នោតចុងក្រោយ លោកស្រី Harris ពុំបាននិយាយប្រហារគូប្រជែងមកពីគណបក្ស Republican ទេ ហើយលោកស្រីមានទំនុកចិត្តថា នឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ។ លោកស្រីបានព្យាយាមប្រមូលសំឡេងគាំទ្រពីក្រុមយុវជន ដោយចុះទៅតាមគោលដៅនានា នាចុងសប្តាហ៍ ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០២៤ មានពលរដ្ឋអាមេរិកចូលរួមបោះឆ្នោតចំនួន២៤០លាននាក់ ហើយប្រធានាធិបតីថ្មីអាមេរិក ទី៦០ នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ៕










